បណ្តាញសង្គម

ទីបំផុត​! សម្រេច​ឃុំខ្លួន​តារា TikTok សុខា ដាក់​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ​ហើយ

នៅទីបំផុត នាង ថន សុខា ដែលជាតារាល្បីមួយរូបលើបណ្តាញសង្គម Tik Tok ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយ ក្រោយពីត្រូវបានចោទប្រកាន់ពីបទ «លួច»។

យោងតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសលួច ជាការដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងៗរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន ។ អនុលោមបានមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទល្មើសលួចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចាប់ពី៦ខែដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ដល់ ៦ លានរៀល។ គួររំលឹកថា អ្នកលេងបណ្តាញសង្គម TikTok ភាគច្រើនស្គាល់ហើយ តារាមួយដួងដែលមានឈ្មោះថា ថន សុខា ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ខ្លួនពាក់ព័ន្ធពីបទ.លួច (លួចទូរស័ព្ទដៃ១គ្រឿង) កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម នគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួចនាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ ។ ទីបំផុត! តារា Tik Tok ថន សុខា ក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ច និងទទួលស្គាល់ការពិតថា ដោយសារមូលហេតុអត់លុយដើរលេងពិធីបុណ្យអុំទូក ។ គួររំលឹកទៀតថា ៖ តារា TikTok សុខា អត់លុយដើរលេងអុំទូកបែកគំនិតមួយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ៕

ដកស្រង់ពី៖ កោះសន្តិភាព