បណ្តាញសង្គម

បង្ក្រាបក្រុមចោរលួច និងទទួលទិញស្លាកលេខរថយន្ត២នាក់នៅខណ្ឌច្បារអំពៅ

ជនសង្ស័យ២នាក់ ម្នាក់ពាក់ព័ន្ធនឹងការលួចម្នាក់ពាក់ព័ន្ធនឹងការទទួលទិញស្លាកលេខរថយន្តដែលលួចបាន ត្រូវបានកម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្តិ៍ក្បាលកោះ បើកការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះទី១-ឈ្មោះ ដែក សារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ (អ្នកលួច)។ ទី២-ឈ្មោះ ឯក ជីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកទិញ)។ចំណែកជនរងគ្រោះ ជាម្ចាស់រថយន្តដែល ត្រូវក្រុមជនសង្ស័យយលួចដោះ មានឈ្មោះ ញឹក វី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះកើតហេតុ។ តាមប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ៖ ដំណើររឿងហេតុដំបូងឡើយ ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក Toyota Hilux Revo ពណ៌ស ស្លាកលេខ ភ្នំពេញ 2BP-3435 ទើបត្រឡប់មកពីក្រៅ បានមកដល់ផ្ទះ ហើយចតរថយន្តទុកចោលនៅខាងមុខផ្ទះ រួចក៏ចូលសម្រាកក្នុងផ្ទះបាត់។ លុះព្រឹកឡើង ពេលក្រោកមកវិញក៏បាត់ស្លាកលេខរថយន្តទាំងមុខក្រោយតែម្តង។ ក្រោយការបាត់ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន។ក្រោយការទទួលពាក្យបណ្តឹងហើយនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបើកការស្រាវជ្រាវពេញមួយរសៀលថ្ងៃខែដដែល ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ បានជាបន្តបន្ទាប់នៅទីតាំង២កន្លែងផ្សេងគ្នា។

ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានស្លាកលេខរថយន្តរបស់ជនរងគ្រោះមកវិញ និងដកហូតបានម៉ូតូស្គុបពី ពណ៌ស មួយគ្រឿង គ្មានស្លាកលេខផងដែរ។ តាមប្រភពសមត្ថកិច្ចបានបន្តថា ៖ កន្លងមកជនសង្សយ័ឈ្មោះ ដែក សារិទ្ធ (អ្នកលួច) ធ្លាប់លួចស្លាកលេខរថយន្តបានសម្រេចចំនួន០៥លើកទៅហើយ។ ជនសង្ស័យដដែលនេះ ក៏ធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន០៣លើកផងដែរ ដោយក្នុងនោះ២ករណី ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរថ្នាំញៀន និង១ករណីទៀត ពាក់ព័ន្ធនឹងអំពើលួច។ សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ក៏មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។ យ៉ាងណាមិញ បច្ចុប្បន្នពួកគេត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដកស្រង់ពី៖ កោះសន្តិភាព