បណ្តាញសង្គម

មន្ត្រីយោធា​ខឹង​ប្រពន្ធ​ដុ.ត​ផ្ទះ​ខ្លួន​ឯង ​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​មន្ត្រី​អាវុធហត្ថខណ្ឌ​

បុរសម្នាក់ជាមន្ត្រីយោធាបានឈ្លោះប្រកែកជាមួយប្រពន្ធផ្អើលអស់អ្នកជិតខាង រហូតទប់កំហឹងមិនបាន ក៏ដុ.តផ្ទះខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះអ្នកជិតខាងមួយខ្នងទៀត ដែលមានម្ចាស់ជាមន្ត្រីអាវុធខណ្ឌដូនពេញ បន្ទាប់ពីកើតហេតុ ជនបង្កក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ជាប់នឹងរបងវត្តធុតុង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ហ៊ុន ឡាង អាយុ៤៨ឆ្នាំ មុខរបរ មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ ត្រូវជាម្ចាស់ផ្ទះជិតខាងផ្ទះរបស់ជនបង្ក បានរៀបរាប់ប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់ដែលត្រូវបានអណ្តាតភ្លើងលេបត្របាក់នោះ គឺជាប្រភេទផ្ទះថ្មក្រោម ឈើលើប្រក់ស័ង្កសី មានទំហំ៧ម៉ែត្រx១៦ម៉ែត្រ។ បុរសខាងលើបានបន្តថា នៅមុនពេលកើតហេតុ គាត់និងសមាជិកក្នុងគ្រួសារមានគ្នា៤ទៅ៥នាក់ទៀត កំពុងសំរាកនៅខាងក្នុងផ្ទះជាធម្មតា។ ខណៈនេះគាត់ក៏បានឮសំឡេងជនបង្ក និងប្រពន្ធរបស់ជនបង្កបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង និងមានសំឡេងដូចជាបោកកម្ទេចសម្ភារៈខាងក្នុងផ្ទះ ថែមទាំងឮសំឡេងជនបង្កស្រែកគំរា.មថានឹងដុ.តផ្ទះកម្ទេចចោលថែមទៀតផង។

ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះទេ រួចក៏សំរាកលង់លក់វិញបាត់ទៅ ។ ព្រោះកន្លងមក ពេលដែលប្តីប្រពន្ធពួកគេឈ្លោះប្រកែកគ្នា គឺជនបង្កតែងតែនិយាយគំរា.មដុ.តផ្ទះកម្ទេចចោលរាល់ដងណាស់ទៅហើយ។ បុរសខាងលើបានបន្តទៀតថា លុះដល់វេលាកើតហេតុ ស្រាប់តែមានឮសំឡេងផ្ទុះ រួចគាត់ក៏បានចេញទៅមើលនៅខាងក្រៅផ្ទះ ក៏ឃើញមានអណ្ដាតភ្លើងបានកំពុងឆាបឆេះផ្ទះរបស់ជនបង្កយ៉ាងសន្ធោសន្ធៅ និងឃើញជនបង្កកំពុងអង្គុយយំននៀលដីនៅខាងមុខផ្ទះផងដែរ ។ ស្របពេលដែលអណ្តាតភ្លើងក៏បានឆេះរាលដាលដល់ផ្ទះរបស់គាត់ទៅហើយ។ ភ្លាមៗនោះគាត់ក៏បានស្រែកឆោឡោដាស់សមាជិកគ្រួសាររបស់គាត់ឲ្យចេញក្រៅផ្ទះទាំងអស់គ្នាដោយសុវត្ថិភាព។

បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានរួមជាមួយរថយន្តពន្លត់អគ្គីភ័យបានចុះមកធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់និងបានធ្វើការនាំខ្លួនជនបង្កយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្ដង។ ចំពោះហេតុការណ៍អគ្គីភ័យខាងលើនេះ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀរមួយគ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៥គ្រឿង។ រីឯការខូចខាត គឺបណ្ដាលឲ្យផ្ទះប្រភេទថ្មក្រោម ឈើលើប្រក់ស័ង្កសីចំនួន២ខ្នង ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ក្នុងនោះមួយខ្នងមានទំហំ៥ម៉ែត្រx១៥ម៉ែត្រជាផ្ទះរបស់ជនបង្ក ត្រូវបានភ្លើងឆេះខូចខាតអស់ទាំងស្រុង និងមួយខ្នងទៀតមានទំហំ៧ម៉ែត្រx១៦ម៉ែត្រ ជាផ្ទះជិតខាង ក៏ត្រូវបានខូចខាតអស់ទាំងស្រុងផងដែរ។ សមត្ថកិច្ចមូលដ្ឋានក៏បានឲ្យដឹងថា ជនបង្កដែលជាម្ចាស់ផ្ទះឈ្មោះ ស៊ុត ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីយោធា រស់នៅផ្ទះកើតហេតុខាងលើ ។

ដោយនៅចំពោះមុខសមត្ថកិច្ច ជនបង្កបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺខ្លួនបានឈ្លោះប្រកែកជាមួយប្រពន្ធ ព្រោះរឿងដែលនាង និងម្តាយមីងបានរួមគំនិតគ្នាយកម៉ូតូកង់បីរបស់ខ្លួនទៅដាក់បញ្ចាំ (តែជនបង្កមិនបានបញ្ជាក់ថា បញ្ចាំយកលុយទៅធ្វើអ្វីនោះទេ) ។ បន្ទាប់ពីឈ្លោះគ្នាអស់មួយប្រាវ ជនបង្កនិងប្រពន្ធរបស់គេក៏បាននាំគ្នាទៅធ្វើការលស់យកម៉ូតូកង់បីពីកន្លែងបញ្ចាំត្រឡប់មកវិញ។ ប៉ុន្ដែដោយលស់យកត្រឡប់មកវិញមិនបាន ទើបធ្វើឲ្យជនបង្កខឹង ក៏ត្រឡប់មកផ្ទះមុនប្រពន្ធរបស់ខ្លួន និងបានទិញសាំ.ងកន្លះលីត្រយកមកចា.ក់ដុ.តផ្ទះតែម្ដង។ បច្ចុប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត ៕

ដកស្រង់ពី៖ កោះសន្តិភាព