បណ្តាញសង្គម

ប្រជាពលរដ្ឋ ដេញចាប់ជនសង្ស័យ ជាមុខសញ្ញា​សកម្មលួចកាត់ខ្សែភ្លើង ពីខណ្ឌសែនសុខ ដល់ខណ្ឌទួលគោក

ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ទាំងកណ្តាលយប់ ដោយប្រជាពលរដ្ឋ បាននាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ចោរលួចកាត់ខ្សែភ្លើងយ៉ាងសកម្ម។

ប្រជាពលរដ្ឋ ដេញចាប់ចោរនោះ ពីចំណុចផ្លូវ៥៩៨ កែង៥៩២ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតដល់សង្កាត់បឹងកក់ទី១ ក្នុងខណ្ឌទួលគោក តែចាប់មិនបាន។នៅក្នុងហេតុការណ៍ដេញតាមចាប់ខាងលើនេះ ជនសង្ស័យ បានជិះម៉ូតូ រត់គេចពីសង្កាត់ភ្នំពេញថ្មី រហូតដល់ផ្លូវលំមួយកន្លែង ស្ថិតនៅក្បែររោងចក្រឆ្នាំង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានកាត់ខ្សែភ្លើង នៅចំណុចស្តុបត្រឡោកបែក ហើយត្រូវបានម្ចាស់ផ្ទះប្រទះឃើញ ទើបស្រែកថា ចោរៗ។

ភ្លាមៗនោះ ជនសង្ស័យបានទម្លាក់វត្ថុតាងចោល រួមមាន៖ ខ្សែភ្លើងមួយដុំធំ និងឧបករណ៍កាត់ រួចជិះម៉ូតូ បន្ថែមល្បឿន រត់គេចខ្លួនពីចំណុចកើតហេតុ រហូតដល់ក្នុងបឹងកក់ ហើយបន្តជិះម៉ូតូ ចុះឡើងជុំវិញភូមិរោងចក្រឆ្នាំង រហូតត្រូវប្រជាពលរដ្ឋ តាមទាន់ បុរសនោះ ក៏បានទុកម៉ូតូចោល កណ្តាលផ្លូវ រួចរត់ចូលទឹកបឹង ក្រោយរោងចក្រឆ្នាំង គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងកក់មួយ បានចុះមកដល់ទីតាំងកើតហេតុ រួចប្រគល់ម៉ូតូរបស់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ច នៃអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីយកទៅរក្សាទុក និងចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព