បណ្តាញសង្គម

ចោរលួចម៉ូតូម្ដង ៣គ្រឿង ក្នុងបុរីប៉េងហួត បឹងស្នោរ តែតាមរកឃើញ ១គ្រឿងវិញ

មានករណីជនសង្ស័យ លួចម៉ូតូក្នុងបុរីប៉េងហួត បឹងស្នោរ នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំនួន ៣គ្រឿងហើយយក ១គ្រឿង ប្លុងចោលនៅហាងកាហ្វេ ដោយម្ចាស់តាមទាន់ ព្រោះភ្ជាប់ប្រព័ន្ធ GPS បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង ៦ និង ៣០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេង តាមផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

បុរសជនរងគ្រោះ មានឈ្មោះ លី កែវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងបាញ់ថ្នាំ ស្នាក់នៅផ្ទះជួលបុរីប៉េងហួត តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុ កាលវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រពន្ធគាត់បានជិះម៉ូតូម៉ាកហុងដា CLICK ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IR-5637 ត្រលប់ពីផ្សារ ទុកចតម៉ូតូ នៅមុខផ្ទះជួល ស្រាប់តែដើរចូលផ្ទះបន្តិច ក៏ចេញមកវិញ ចោរលួចម៉ូតូបាត់។

ក្រោយមក ក៏តាមរកដោយម៉ូតូរបស់គាត់ ដែលមានភ្ជាប់ប្រព័ន្ធ GPS រហូតមកដល់ល្ងាចម៉ោង ៦ ថ្ងៃខែដដែល រកឃើញម៉ូតូគាត់ នៅក្នុងស្ថានីយប្រេង ១កន្លែង នៅតាមផ្លូវ ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន តែមិនទាន់ហ៊ានចូលយកម៉ូតូភ្លាមទេ ដោយរង់ចាំបងប្អូន មកគ្នាច្រើនបន្តិច ដើម្បីចាប់ជនសង្ស័យ ដែលសងំនៅក្នុងស្ថានីយប្រេង។ ក្រោយមក ជនសង្ស័យដូចដឹងខ្លួន បក្សពួកចោរ បាននាំគ្នា ជិះម៉ូតូចេញម្ដង១ៗ ដែលម៉ូតូ សរុប ៣គ្រឿង មនុស្ស ៧នាក់ មានស្រីប្រុស នាំគ្នាជិះម៉ូតូចេញម៉ូតូ ២គ្រឿង ហុងដាឌ្រីម និងម៉ូតូអាយខុន ចេញបាត់។

តែដោយគ្រួសារអត់ទាន់មកដល់ ក៏សំរេចចិត្តដើរទៅឈរក្បែរម៉ូតូម៉ាកហុងដា CLICK ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IR-5637 ខ្លាចជនសង្ស័យ ជិះយកទៅបាត់ទើបជនសង្ស័យ មិនហ៊ានជិះ ទុកម៉ូតូគាត់ នៅបរិវេណស្ថានីយប្រេងនោះតែម្ដង។ បុរសជនរងគ្រោះ បន្តទៀតថា ករណីជនសង្ស័យ មិនដឹងថា មានគ្នាប៉ុន្មាននាក់ អោយច្បាស់ទេ តែបានចូលក្នុងបុរីប៉េងហួត លួចម៉ូតូនៅល្ងាចនេះ មានចំនួន ៣គ្រឿង ពេលតែមួយ ពិតជាមិនធម្មតា។ ដូច្នេះស្នើសុំអោយសន្តិសុខ ក៏ដូចកងកម្លាំងសមត្ថកិច្ច ជួយស្រាវជ្រាវ តាមរយៈកាំរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុ នៅបុរីប៉េងហួត ក្នុងសង្កាត់និរោធ និងទីតាំងប្រទះឃើញម៉ូតូ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនដើម្បីចាប់ជនសង្ស័យ យកមកដាក់ទោស តាមផ្លូវច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព