បណ្តាញសង្គម

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ខ្លួន​ជនសង្ស័យ ៤៧​នាក់ ករណី​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ១០០​ហិ​កតា

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលទីកន្លែង ដែលជនខិលខូចបានកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។

លោក ទៀ សីហា បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានក្រុង-ស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់នៅបឹងទន្លេសាប ក្នុងនោះរួមមាន ៖ ស្រុកក្រឡាញ់ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង និងក្រុងសៀមរាប ដែលមានផ្ទៃដីជាង ១២៦ពាន់ហិកតា ។ លោក ទៀ សីហា បានបន្តថា សម្រាប់តែនៅក្នុងភូមិសាស្ត្រក្រុងសៀមរាបមួយ មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន យកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនមានចំនួន ១០០ហិកតា ហើយជនសង្ស័យ ៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ។ ដោយឡែក នៅក្នុងភូមិសាស្ត្រស្រុកផ្សេងៗទៀត ក្រុមការងារ បាននិងកំពុងតែចុះពិនិត្យមើលជាក់ស្តែង ។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធវីដេអូ Zoom ដើម្បីពិនិត្យ និងរៀបចំផែនការអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការដឹកនាំប្រជុំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់មន្ទីរជំនាញ និង អាជ្ញាធរក្រុងស្រុកទាំង៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ដោយផ្តោតទៅលើតំបន់គោលដៅដែលមានបញ្ហាប្រឈមទៅនឹងការរុករាន កាប់ឆ្កាទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប កន្លងមក អាជ្ញាធរបឹងទន្លេសាប បានកំណត់តំបន់១ តំបន់២ និងតំបន់៣ ព្រមទាំងបោះបង្គោលព្រំប្រទល់រួចមកហើយ ដែលមានប្រវែង ១៨៤គីឡូម៉ែត្រ ។ តែទោះជាយ៉ាងណាក៏ដោយ នៅមានជនខិលខូចមួយចំនួន នៅតែចូល ទៅកាប់ឆ្កាទន្ទ្រានរុករានព្រៃលិចទឹកបឹងទន្លេសាប ដោយមានការដុតបំផ្លាញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិជាបន្តបន្ទាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព