បណ្តាញសង្គម

លួច​ដែក​ពុម្ព​សសរ​ស្ពានសម្រេច តែគ្មានអ្នកហ៊ាន​ទិញ អស់លក្ខណ៍ត្រឹមកាមេរ៉ាសុវត្ថិភាព​

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានត្រូវនគរបាលសង្កាត់សិត្បូរ ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព លួចដែកពុម្ពសសរស្ពាន ។

ហេតុការណ៌ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៧នាទីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសាងសង់ស្ពាន ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។ នគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនរងគ្រោះឈ្មោះចាន់ ឆវ័ន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកការដ្ឋានស្ពានចិនទី៩។

ចំណែកជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ឈ្មោះស្រ៊ុន សុខហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវចាប់ឃាត់ខ្លួន និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ នោះទេ រត់គេចខ្លួនបាត់ ។នគរបាលបានអោយដឹងទៀតថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួ.ចយកដែកសំរាប់ចាក់ពុម្ពសសរស្ពាននៅការដ្ឋានសាងសង់ស្ពានរបស់ក្រុមហ៊ុនចិនសៀងហៃ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយដឹកតាមរទេះរុញយកទៅលក់អោយអ្នកទិញអេតចាយ តែអ្នកទិញអេតចាយមិនហ៊ានទិញ ទើបជនសង្ស័យ រុញយកមកលាក់ទុកនៅជិតរបងវត្តសិត្បូ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងយកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា ។

លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា សមត្ថកិច្ចបានស្រាវជ្រាវតាមរយ:កាមេរ៉ាសុវត្ថិភាពក៏កំណត់មុខសញ្ញាបាន និងឈានទៅឃាត់ខ្លួនមុខសញ្ញាបានម្នាក់ដូចខាងលើយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព