បណ្តាញសង្គម

បុរស​វ័យ​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​គាំងបេះដូង​ដួល​ស្លា​.​ប់

បុរសវ័យចំណាស់ម្នាក់ កំពុងជិះម៉ូតូសុខៗ ស្រាប់តែឈប់ម៉ូតូកណ្ដាលផ្លូវ រួចក៏ដួលសន្លប់ទៅលើថ្នល់ ភ្លាមៗនោះ សន្តិសុខយាម និងប្រជាពលរដ្ឋនៅក្បែរនោះ ជួយសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ក្រុមគ្រូពេទ្យ ប្រាប់ថា គាត់បានដាច់ខ្យល់ផុតបាត់ទៅហើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ត្រាំង គឹក អាយុ៨២ឆ្នាំ មានទីលំនៅម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ សមត្ថកិច្ច បន្តថា មុនកើតហេតុ បុរសវ័យចំណាស់បានជិះម៉ូតូម្នាក់ឯង ម៉ូតូហុងដា គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0832 ក្នុងទិសដៅពីខាងត្បូងទៅខាងជើង តាមបណ្ដោយផ្លូវ៤៧ លុះពេលមកដល់ចំណុចកើតហេតុ រូបគាត់ក៏ឈប់ម៉ូតូកណ្ដាលផ្លូវ រួចដួលតែម្ដង ។

ភ្លាមនោះ អ្នកធ្វើដំណើរ និងសន្តិសុខក្បែរនោះ ឃើញជនរងគ្រោះមានសភាពស្លេកស្លាំង ក៏បានជួយដឹកបញ្ជូនទៅមន្ទីពេទ្យផងដែរ ប៉ុន្តែពេលទៅដល់ក្រុមគ្រូពេទ្យ ពិនិត្យឃើញថា រូបគាត់បានបាត់បង់ជីវិតទៅហើយ រួចហើយក៏ដឹកសព មកកន្លែងកើតហេតុវិញ ។ សមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ដើម្បីធ្វើការពិនិត្យសព ។ ក្រោយធ្វើកោសល្យវិច័យរួច មន្ត្រីជំនាញ បានប្រាប់ថា សពស្លាប់ដោយសារជំងឺបេះដូង ហើយសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុ និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព