បណ្តាញសង្គម

សមត្ថកិច្ចចុះល្បាតតាមភូមិ ប្រទះឃើញ​ក្រុមឆក់ត្រី រត់ចោលម៉ូតូ…

កម្លាំងសមត្ថកិច្ច និងប្រជាការពារ បានចេញល្បាត តាមផ្លូវ ក្នុងឃុំតំបែរ ស្រុកតំបែរ ដើម្បីពង្រឹងសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ។

ជាមួយនោះ ក៏បានប្រទះឃើញមនុស្សពីរនាក់ ជិះម៉ូតូមួយគ្រឿង ហើយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម អ្នកទាំង២ បានលោតចុះពីលើម៉ូតូរត់គេចខ្លួនបាត់តែម្ដង។លោកវរសេនីយ៍ឯក ប៉េង អេងហាក់ អធិការនគរបាល ស្រុកតំបែរ ឲ្យដឹងថា ជារៀងរាល់យប់កម្លាំងនគរបាល តែងតែសហការជាមួយប្រជាការពារ ចុះល្បាតតាមភូមិសាស្ត្រសំខាន់ៗ។ជាក់ស្ដែង នៅយប់ថ្ងៃទី៧ ខែធ្នូ វេលាម៉ោង ២៣ និង ៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរ ចេញល្បាត នៅចំណុចតាមផ្លូវគ្រួសក្រហម វាលតំបែរ ចុងអំបោស ខាងជើងវត្តតំបែរ ស្ថិតក្នុងភូមិតំបែរ ឃុំតំបែរ បានជួបមនុស្ស ២នាក់ ជិះម៉ូតូ ១គ្រឿង។

ពេលឃើញសមត្ថកិច្ច អ្នកទាំង ២ បានលោតរត់គេចខ្លួនបាត់ បន្សល់ទុកនូវក្បាលឆក់ត្រី ២គ្រឿង/អាគុយ 40MP ២គ្រឿង ទ្រុងត្រី១ ថង់បេ២ ម៉ូតូ ១ គ្រឿង និងត្រីប្រហែល ១គីឡូក្រាម។ សមត្ថកិច្ច បានយកវត្ថុតាង និងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ។ អធិការនគរបាលស្រុកតំបែរ បន្តថា ចំពោះមនុស្សពីរនាក់ ដែលរត់ចោលម៉ូតូនោះ គេមិនស្គាល់ភិនភាគនៅទីណានោះទេ សូម្បីតែម៉ូតូចាស់មួយគ្រឿង មិនមានស្លាកលេខសម្គាល់ឡើយ។ លោកអធិការ បន្តថា ក្រុមដែលប្រើប្រាស់ឧបករណ៍ឆក់ត្រី តាមវាលស្រែនេះ អាចមួយផ្នែក ឆក់ទុកហូប និងយកទៅលក់ផងដែរ។ ការប្រើប្រាស់ឧបករណ៍ឆក់ត្រី គឺជាទង្វើខុសច្បាប់។ មានពេលខ្លះ ការប្រើឧបករណ៍ឆក់ត្រីនេះ ជួនភ្លាត់ស្នៀត ឆក់ខ្លួនឯង ស្លា.ប់ ក៏មានដែរ។ ជាមួយនោះ លោកអធិការ អំពាវនាវសូមឱ្យប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ដែលបំផ្លាញនូវធនធានធម្មជាតិ៕

ដកស្រង់ពី៖ កោះសន្តិភាព