បណ្តាញសង្គម

ផ្ទះ​តៀម​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ទាំងស្រុង និង​ឆ្លង​ដល់​ខ្សែភ្លើង​នៅ​ក្បែរ​ៗ​នោះ

ផ្ទះតៀម១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅអស់ទាំងស្រុង ព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងដែលស្ថិតនៅក្បែរនោះថែមទៀតផង ហើយមូលហេតុនៃការឆាបឆេះនេះនៅពុំទាន់ត្រូវបានដឹងច្បាស់នៅឡើយ ខណៈការសន្និដ្ឋាននានាបានដាក់ការសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ដោយឡែកទ្រព្យសម្បត្តិដែលស្ថិនៅក្នុងផ្ទះតៀមខាងលើនោះក៏ត្រូវបានភ្លើងឆេះអស់គ្មានសល់ឡើយ តែពុំមានមនុស្សណាម្នាក់រងគ្រោះនៅក្នុងហេតុការណ៍នេះឡើយ ហើយម្ចាស់ផ្ទះបានត្រឹមតែស្រែកទ្រហ៊ោយំព្រោះការស្ដាយស្រណោះតែប៉ុណ្ណោះ ពុំអាចយកអ្វីចេញទាន់ឡើយ។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតបឹងតាម៉ាត ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ផ្ទះតៀមដែលត្រូវភ្លើងឆាបឆេះនោះសង់ពីឈើលាយដែក ដំបូល និងជញ្ជាំងប្រក់ និងបិទបាំងដោយស័ង្កសី ហើយនៅទីនោះក៏មានផ្ទះស្ថិតនៅជាប់គ្នារដឹកថែមទៀតផង។

ប៉ុន្តែនៅពេលភ្លាមៗនោះមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបពុំបណ្ដាលឲ្យមានការឆាបឆេះរាលដល់ផ្ទះផ្សេងដែលស្ថិតនៅជាប់គ្នានោះទៀត។ប្រភពដដែលបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលនាំឲ្យមានការឆាបឆេះផ្ទះខាងលើនេះឡើងនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យទៅលើការឆ្លងចរន្តអគ្គិសនី។ មិនតែប៉ុណ្ណោះភ្លើងក៏បានឆាបឆេះរាលដល់ខ្សែភ្លើងដែលស្ថិតនៅជិតនោះថែមទៀតផង ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ក៏បានរាយការណ៍ទៅកាន់មន្ត្រីអគ្គិសនីឲ្យបិទភ្លើងនៅចំណុចនោះជាបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ កោះសន្តិភាព