បណ្តាញសង្គម

ចាប់​បាន ២​នាក់​ហើយ ជន​ប្រើ​ល្បិច​ទូរ​សព្ទ​ចូល​មក​ប្រាប់​ថា លោក​អ្នក​ឈ្នះ​រង្វាន់​ធំ​ពី​ធនាគារ

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យ ចំនួន ០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរសព្ទ ឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត (កាត ATM ឫតាមរយៈ App ទូរសព្ទដៃ) ។

ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះ បានធ្វើឡើងកាលពីថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យ ០២នាក់ រួមមាន ៖

ទី១- ឈ្មោះ ម៉េន វាសនា ហៅ យួស សុផារីណូ ហៅ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ

ទី២- ឈ្មោះ ប្រាក់ វណ្ណារ៉ុង ហៅ ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាស ដែលកម្លាំងជំនាញបង្ក្រាបបាននេះ តែងតែធ្វើសកម្មភាពក្លែងខ្លួនធ្វើជាបុគ្គលិកធនាគារ ហើយលួងលោមជនរងគ្រោះបង្កើតកម្មវិធី ធនាគារនឹងទទួលបានប្រាក់រង្វាន់ ដោយគ្រាន់តែចូលផ្លាស់ប្តូរលេខកូដសម្ងាត់ តាមដែលខ្លួនណែនាំ រួចផ្ញើលេខកូដសម្ងាត់ខ្លួន ដើម្បីឲ្យខ្លួនបញ្ចូលប្រាក់រង្វាន់ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមធ្វើការក្រើន រំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់ប្រព័ន្ធធនាគារចល័ត សូមប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលលួងលោមឲ្យបង្ហាញលេខកូដសម្ងាត់ធនាគារ រួចអាចទទួលប្រាក់រង្វាន់នានា ៕

ដកស្រង់ពី៖ កោះសន្តិភាព