បណ្តាញសង្គម

បញ្ចប់ទំនាស់​រវាង នារី​ម្ចាស់​ហាង V SHOP និង​អតីត​គូស្នេហ៍ ក្រោម​ការ​សម្របសម្រួល​ពី​លោក​មេធាវី គី តិច

លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នៅរសៀលវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានចូលរួមជាអធិបតី ក្នុងការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការ រវាងលោក ជា ចាន់តុលា និងស្ត្រីម្ចាស់ហាង V SHOP ឈ្មោះ ស៊ាន ធារី ដោយមានមេធាវី និងមិត្តភ័ក្ដិ នៃគូភាគីទាំង២ ចូលរួមផងដែរ នេះបើយោងតាមប្រភពពីលោក ផែង វណ្ណៈ ។

ក្រោយពីមានការសម្របសម្រួលគ្នា អតីតគូស្នេហ៍ទាំង២នាក់ បានយល់ព្រមដោយស្ម័គ្រចិត្ត និងដោយគ្មានការដាក់សម្ពាធ ឫបង្ខិតបង្ខំ ពីភាគីណាមួយឡើយ និងបានធ្វើឯកសារបញ្ចប់ទំនាស់ ឈប់ប្ដឹងផ្ដល់គ្នា ដោយមានមេធាវីចូលរួមធ្វើជាសាក្សី ដឹងឮទាំងអស់គ្នា ចាប់ពីថ្ងៃនេះតទៅ ។ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ កាលពីថ្ងៃទី០៩ ធ្នូ ២០២១នេះដែរ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ បានដីកាកោះឲ្យលោក ជា ចាន់តុលា ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ធ្នូ ២០២១ ខាងមុខនេះ ដើម្បីសាកសួរចម្លើយ តាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាន ធារី ដែលមហាជនស្គាល់ថា ជាម្ចាស់ហាង V SHOP CAMBODIA ។

ពាក្យបណ្តឹងរបស់ឈ្មោះ ស៊ាន ធារី បានប្តឹងឈ្មោះ ជា ចាន់តុលា ៖ លួចប្រាក់ក្រុមហ៊ុន, ធ្វើឲ្យខូចខាតដោយចេតនា, លុបបំបាត់ ឫកែប្រែដោយទុច្ចរិតនូវទិន្នន័យ, គំរាមកំហែងឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងគូកន ពីបទ រំលោភលើលំនៅឋាន ។ ដោយឡែក នៅលើគណនីហ្វេសប៊ុករបស់លោក ជា ចាន់តុលា បានបង្ហោះសារថា «ពេលនេះ ប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ បានប្តឹងខ្ញុំហើយដូចអ្វីដែល ជនទី៣ ថាចាប់ខ្ញុំ ដាក់គុក៥ឆ្នាំ អោយបាននោះ ឥឡូវនេះ គាត់បានធ្វើមែនហើយ ជនទី៣អើយ ខ្ញុំសុំខ្លាចលោកហើយ ប្រពន្ធសម្លាញ់ចិត្តបងអើយ អូនដាច់ចិត្តពីបងម្លេះ ?» ។ ជនទី៣ គឺគ្រូជោគជ័យម្នាក់ឈ្មោះ ប៊ុន រស្មី ហៅប៊ុន ផាក (Bun Park) ដែលជាអ្នកជំនួញ បានតាំងខ្លួនជាមេធាវី នៅចំពោះមុខសមត្ថកិច្ច នៅក្នុងរឿងរ៉ាវទំនាក់ទំនងសេ្នហាជាមួយ នារីរូបស្រស់មួយរូប ជាអ្នករកស៊ីអនឡាញ ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមខ្មែរ ដោយសារតែអតីតគូស្នេហ៍របស់ស្រីស្រស់ម្ចាស់ហាងសម្លៀកបំពាក់ល្បីឈ្មោះរូបនេះ បានចោទប្រកាន់ លោក ប៊ុន ផាក ជាជនទី៣ បំបែកបំបាក់ស្នេហារបស់ខ្លួន ។ ពាក្យបណ្តឹងមួយទៀត ដោយដើមបណ្ដឹងមានឈ្មោះថា ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ដូរ ។

បានដាក់ជូន លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ ៖ សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវីរារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។ ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ។

លោក ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ដែលគេស្គាល់ថា ជាអ្នកជំនួញ និងគ្រូជោគជ័យមួយរូប ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាល រាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនមកតុលាការ កាលពីវេលាម៉ោង១០និង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។ ក្រោយការសាកសួរអស់ជាច្រើនម៉ោងនៅសាលាដំបូងរាជធានីភ្នំពញ ទីបំផុតលោក ប៊ុន រស្មី ដែលគេស្គាល់នាម ប៊ុន ផាក ជាអ្នកជំនួញមួយរូបកំពុងល្បីលើបណ្តាញសង្គមរឿងទំនាក់ទំនងសេ្នហាជាមួយស្រីស្រស់ថៅកែហាងលក់សំលៀកបំពាក់តាមអនឡាញត្រូវបានតំណាងអយ្យការ ឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយរកពុំឃើញមានបទល្មើស ៕

ដកស្រង់ពី៖ កោះសន្តិភាព