បណ្តាញសង្គម

ឆេះ​ព្រះ​វិហារ ក្នុង​វត្ត​ខេមរៈ​បញ្ញា​រាម ខូចខាត​សម្ភារ​មួយ​ចំនួន

មានករណីអគ្គិភ័យមួយ បានកើតឡើងនៅវេលាម៉ោង ០៩និង១៥នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្តាលអោយឆេះព្រះវិហារ មួយកន្លែងធ្វើអំពីឈើដំបូលប្រក់ស័ង្កី ដែលមានទំហំ ៧ម៉ែត្រគុណ១៥ម៉ែត្រ ក្នុងវត្តខេមរៈបញ្ញារាម ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

ព្រះតេជគុណព្រះនាម ប៉ែន ចិត បានសង្ឃដីកាអោយដឹងថា ដំបូងឡើយភ្លើងបានឆាបឆេះពីគុដិ លោកគ្រូចៅអធិការមក រហូតរាលដាលឆេះដល់ព្រះវិហារ ។ ករណីអគ្គិភ័យខាងលើនេះ គឺបណ្ដាលមកពីភ្លើងទៀន ដែលបានបង្កជាគ្រោះអគ្គិភ័យកើតឡើង ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលអោយឲ្យខូចខាតនូវសម្ភារមួយចំនួន រួមមាន ៖ បច្ច័យកសាង ៨.០០០.០០០លានរៀល, អង្ករចំនួន ១៥បេ ស្មើនឹង១.៣០០.០០០រៀល, ព្រះពុទ្ធរូប ៣អង្គ, ត្រៃលាង ២១ធំពីតូច ១៩ ស្មើនឹង២.០០០.០០០រៀល និងសម្ភារមួយចំនួនទៀតស្មើនឹង ៥.៥០០.០០០រៀល ។ សរុបអស់ទឹកប្រាក់ប្រមាណ ១៦.០០០.០០០រៀល ។ សូមបញ្ជាក់ផងដែរថា ក្នុងករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់ព្រះសង្ឃឡើយ និងបានប្រើប្រាស់រថយន្តទឹកបាញ់ពន្លត់អស់ចំនួន ពីរគ្រឿង ទើបគ្រប់គ្រងស្ថានការរលត់បានទាំងស្រុង ៕

ដកស្រង់ពី៖ កោះសន្តិភាព