បណ្តាញសង្គម

ចេញពី​កម្មវិធី​ខួបកំណើត ត្រូវ​ក្រុម​រហ័ស​នាម YT ដេញ​វាយ​ផ្អើល​ស្តុ​ប​កា​ណា​ឌី​យ៉ា

យុវជន យុវតីមួយក្រុម មានគ្នា១០នាក់ ក្នុងនោះមានស្រីម្នាក់ ទើបនឹងចេញពីកម្មវិធីខួបកំណើតមិត្តភ័ក្ដិ ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ពេលនោះស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង២០នាក់ប្រដាប់ដោយដំបង និងដុំថ្ម ដេញវាយនិងគប់ បណ្តាលឱ្យត្រូវយុវជនម្នាក់និងសង្សារដួលម៉ូតូរងរបួស ចំណែកបក្សពួកក្រុមជនបង្កក៏រត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្តុបកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមប្រភពពីក្រុមយុវជនយុវតីមួយក្រុមមានគ្នា១០នាក់ ដែលអះអាងខ្លួនជាជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានទៅកម្មវិធីខួបកំណើតមិត្តភ័ក្ដិនៅហាងមួយកន្លែង ម្តុំសួនច្បារវត្តបទុមវតី ។ ប្រភពដដែលបន្តថា លុះពេលចប់កម្មវិធីក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ខណៈពេលពួកគាត់ធ្វើដំណើរមកដល់ម្តុំធនាគារកាណាឌីយ៉ា ក៏ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមទៀតមានគ្នាជាង២០នាក់ ដែលពួកគាត់ស្គាល់ថា ក្រុមរហ័សនាម «YT» បានជិះម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបង និងដុំថ្ម មកដេញវ៉ៃពួកគាត់ដោយគ្មានមូលហេតុ ធ្វើឲ្យគាត់ភ័យស្លន់ស្លោក៏បន្ថែមល្បឿនបើករត់គេចខ្លួនអស់ទៅ នៅសល់តែមិត្តភក្ដិពួកខ្លួនពីរនាក់សង្សារ រត់មិនរួច ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ គប់នឹងដុំថ្ម បណ្តាលឲ្យដួលម៉ូតូរងរបួស បែកមុខបែកមាត់ រលាត់ដៃជើងទាំងពីរនាក់ ហើយត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកសម្ភពពន្លឺ មកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ ចំណែកក្រុមជនបង្កក៏បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលអស់ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីដឹងថា មិត្តភ័ក្ដិខ្លួនរបួសដេកពេទ្យ ពួកគេក៏ជិះម៉ូតូទៅមើលដល់ម្តុំអង់តែនទួលគោក ក៏ត្រូវក្រុមសមត្ថកិច្ចនៃអធិកាដ្ឋានខណ្ឌទួលគោក ឃាត់ខ្លួនបណ្តោះអាសន្នយកទៅសាកសួរនាំពាក់ព័ន្ធនឹងករណីហិ.ង្សាវាយតប់គ្នា ព្រោះមានប្រជាពលរដ្ឋរាយការណ៍ ។ បន្ទាប់ពីសួរនាំក្រុមទាំងនោះរួចរាល់ ពិតជាជនរងគ្រោះមែន សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ រួចហៅអាណាព្យាបាលមកធានាខ្លួនអោយត្រឡប់ទៅផ្ទះវិញផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព