បណ្តាញសង្គម

អាជ្ញាធរ​ខេត្តកំពត ប្រើ​ធម៌​ក្តៅ វាយ​កម្ទេច​សំណង់ រំលោភ​ដី​រដ្ឋ នៅ​ព្រែក​ក្បាល​រមាស

អាជ្ញាធរខេត្តកំពត នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បន្តប្រើធម៌ក្តៅ ដោយប្រើប្រាស់គ្រឿងចក្រ វាយកម្ទេចសំណង់ ព្រមទាំងកាយអាចម៍ដីចេញពីក្នុងព្រែកក្បាលរមាស ស្ថិតនៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ ដែលជនខិលខូច ព្យាយាមសាងសង់ លើចំណីព្រែក និងចាក់ដីលុបព្រែក ដើម្បីយកធ្វើជាកម្មសិទ្ធិ ។

លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពត បានអោយដឹងថា នៅទីតាំងនេះ អាជ្ញាធរខេត្តបានជូនដំណឹងជាច្រើនលើកច្រើនសារមកហើយ ឱសាវាទនៃសេចក្តីជូនដំណឹងចុងក្រោយ គឺថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយតម្រូវឲ្យអ្នកប៉ុនប៉ងកាន់កាប់ដីរបស់រដ្ឋរុះរើសំណង់ និងកាយអាចម៍ដីចេញពីព្រែកវិញ ។ ដោយសារតែជនខិលខូចនោះ មិនអនុវត្តតាមសេចក្តីជូនដំណឹង ទើបថ្ងៃនេះក្រោមបទបញ្ជាពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងមានតំណាងអយ្យការអមសាលាដំបូងខេត្តកំពត ចូលរួមផង កម្លាំងនៃគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក៏ចុះមករុះរើសំណង់ សង់លើចំណីព្រែក ធ្វើឡើងដោយជនខិលខូច ០២គ្រួសារ ព្រមទាំងកាយអាចម៍ដី ដែលបានចាក់ចូលព្រែកចេញវិញ ។ លោកអភិបាលរងខេត្ត បានបន្តថា បន្ទាប់ពីបានអនុវត្ត នៅទីនេះរួច រដ្ឋបាលខេត្ត នឹងបង្ក្រាបគ្រប់ទីតាំង ដែលបាននិងកំពុងបំពានយកដីរដ្ឋ បំណងកាន់កាប់ ជាកម្មសិទ្ធិ បន្តទៀត ។

ម្ល៉ោះហើយ សេចក្តីជូនដំណឹង នឹងធ្វើឡើង សម្រាប់ទីតាំង ដែលកំពុងបំពាន លើដីសាធារណៈរបស់រដ្ឋ ។ បើម្ចាស់មិនអនុវត្តនោះ រដ្ឋបាលខេត្ត នឹងចាត់វិធានការ ដូចគ្នានេះដែរ ។ លោក សេង សិរីបុត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងសាងសង់លើដីសាធារណៈរបស់រដ្ឋ សូមឱ្យផ្អាក និងបញ្ឈប់សកម្មភាពជាបន្ទាន់ ពីព្រោះជាដីរបស់រដ្ឋ យើងត្រូវរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចធ្វើជាទ្រព្យសម្បត្តិបុគ្គលផ្ទាល់ខ្លួនបានទេ ។ សូមបងប្អូនជៀសវាងការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើន ដូច្នេះសូមបងប្អូនផ្អាក ក្នុងការសាងសង់បំពានលើដីសាធារណៈរបស់រដ្ឋតទៅទៀតចាប់ពីពេលនេះតទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព