បណ្តាញសង្គម

ប្តី​ដុត​ផ្ទះ​ខ្លួនឯង​ចោល ព្រោះ​ប្រចណ្ឌ​ប្រពន្ធ ទៅ​ផឹកស្រា​នៅផ្ទះ​បងប្អូន

ប្តីប្រពន្ធទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញ ប្រពន្ធមិនព្រមមកទេ ទើបកើតជាភ្លើងប្រចណ្ឌ បង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯង បណ្តាលអោយឆេះខូចខាតទាំងស្រុងតែម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង១០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយបុរសជាប្តីបានដុតបំផ្លាញផ្ទះខ្លួនឯង នៅត្រង់ចំណុចចុងអូប្រង់ ស្ថិតនៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ សម្ភារដែលបានខូចខាត រួមមាន ៖ ផ្ទះទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ចំនួន០១ខ្នង, ស្រូវ ៣៥បេ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត ។

ជនបង្កជាប្តីមានឈ្មោះ ក្លឹង ស៊ី អាយុ២៥ឆ្នាំ ជនជាតិព្នង និងប្រពន្ធឈ្មោះ ថាំ បឺប អាយុ២៣ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្ន ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនៃការដុតផ្ទះនេះ បណ្តាលមកពីភ្លើងប្រចណ្ឌជាមួយប្រពន្ធ ដោយសារពេលទៅផឹកស្រានៅផ្ទះបងប្អូន ពេលប្តីបបួលមកផ្ទះវិញ ប្រពន្ធមិនព្រមមកទេ ទើបកើតជាភ្លើងប្រចណ្ឌ បង្កជាអំពើហិង្សា ឈានទៅដុតផ្ទះខ្លួនឯងតែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព