បណ្តាញសង្គម

ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​០១​ខ្នង នៅ​ស្រុក​ត្រាំកក់

ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើពីឈើ ប្រក់ក្បឿងមួយខ្នង ទំហំ ៦ម៉ែត្រគុណ ៧ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួនធំ ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ យោងតាមរបាការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះខាងលើ ដែលមានម្ចាស់ឈ្មោះ សេង ហួរ ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរកសិករ ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះខាងលើស្ទើរទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ សម្ភារៈមួយចំនួន មានដូចជា ៖ ប្រាក់ចំនួន ១១,៥០០,០០០ លានរៀល តុឈើចំនួន ០១ គ្រែឈើចំនួន ០២ និងសំលៀកបំពាក់មួយចំនួនធំ ។

ប៉ុន្តែមិនបណ្តាលអោយរងរបួសដល់មនុស្សឡើយ ។ លោកឧត្តមសេនីទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង និងស្រុកត្រាំកក់០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុង នរាលដាលដល់ផ្ទះអ្នកដទៃ ៕

ដកស្រង់ពី៖ កោះសន្តិភាព