បណ្តាញសង្គម

លួច​ម៉ូ​ទ័​រ​កាត់​ដែក ម្ចាស់​ឆែក​កាមេរ៉ា​ស្គាល់​ភិនភាគ​ ចាប់ជនសង្ស័យ​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ទី​១

ជនសង្ស័យម្នាក់ បានផ្លោះរបងចូលផ្ទះមួយកន្លែង លួចយកបានម៉ូទ័រកាត់ដែកមួយគ្រឿង រួចហើយគេចខ្លួនបាត់កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃខែដដែល ជនរងគ្រោះបានប្រទះឃើញ ជនសង្ស័យ ដើរលើដងផ្លូវ និងដោយសារស្គាល់ភិនភាគ តាមកាមេរ៉ាសុវត្ថិភាព ទើបចាប់ឃាត់ខ្លួន ប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ចាត់ការតាមច្បាប់ ។

ជនសង្ស័យមានឈ្មោះ សែម រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកឯ ជនរងគ្រោះឈ្មោះ អ៊ូច សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៧២Eo ផ្លូវបេតុង ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ រូបគាត់បានរៀបចំ ទុកដាក់ម៉ូទ័រកាត់ដែក នៅក្នុងផ្ទះរបស់គាត់ រួចហើយបានចូលទៅសម្រាកក្នុងបន្ទប់ដេកដូចសព្វដង លុះមកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ផ្លោះរបងចូលមកធ្វើសកម្មភាពលួចយកម៉ូទ័រកាត់ដែក ទៅបាត់ ។

ជនរងគ្រោះ ប្រាប់បន្តថា នៅពេលគាត់ភ្ញាក់ពីដំណេកវិញ ទើបដឹងថា បាត់ម៉ូទ័រ ពេលនោះគាត់ក៏បានឆែកមើលតាម កាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យចូលមកលួចយកទៅ រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ស្រាប់តែប្រទះឃើញជនសង្ស័យដើរលើដងផ្លូវ ហើយលោក ស្គាល់ភិនភាគ ក៏ឃាត់ខ្លួន នាំយកទៅប្រគល់ជូន សមត្ថកិច្ច ដើម្បីសួរនាំតែម្តង ។ នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូទ័រ របស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព