បណ្តាញសង្គម

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ចាប់​ដកហូត​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ ២​គ្រឿង កំពុង​គាស់កកាយ​ដី​ព្រៃរបស់​រដ្ឋ ២​កន្លែង

អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានចាប់ដកហូតគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០២គ្រឿង ហើយបាននិងកំពុងស្វែងរកចាប់ខ្លួនជនល្មើស ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ០២កន្លែងផ្សេងគ្នា ។

កម្លាំងមន្ត្រីជំនាញ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ចុះស្រាវជ្រាវ រុករក និងបង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចជើងភ្នំ ខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នៅពេលក្រុមសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញមានគ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន ០២គ្រឿង បានធ្វើសកម្មភាព កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ (ដីគម្របព្រៃឈើ ឆ្នាំ២០០២) នៅជើងភ្នំ ក្នុងភូមិសាស្ត្រខាងលើ នៅលើទីតាំងដី ចំនួនពីរកន្លែងផ្សេងគ្នា ពេលនោះ អ្នកបើកបងគ្រឿងចក្រទាំងពីរ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រអេស្កាវ៉ាទ័រចំនួនពីរគ្រឿង នៅកន្លែងកើតហេតុ ។

សូមបញ្ជាក់ផងដែរថា ចំពោះទីតាំងខាងលើ ជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លិចបំផ្លាញ នឹងធ្វើឲ្យមានការជន់លិចភូមិដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កវិនាសកម្ម កាន់តែធ្ងន់ធ្ងរ នាពេលខាងមុខ ជាក់ជាមិនខាន ។ បច្ចុប្បន្ន គ្រឿងចក្រអេស្កាវ៉ាទ័រ ទាំង០២គ្រឿង ត្រូវបានដឹក យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឲ្យខាងតែបាន ៕

ដកស្រង់ពី៖ កោះសន្តិភាព