បណ្តាញសង្គម

ក្រោយ​កើតហេតុ២ម៉ោង ​ចាប់បានចោរ​លួច​ឡា​ន​ដឹក​ស្រូ​វ​​​វិញ​

យុវជនម្នាក់ទំនងបែកថ្នាំដល់កំរិតបានឡើងបើកលួចយករថយន្តមួយគ្រឿង ដែលកំពុងរង់ចាំដឹកស្រូវ តែក្រោយកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន នៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ១៥ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់ ស្រុកសង្កែ។លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដែលដឹកនាំកម្លាំងចុះបង្រ្កាបករណីលួចរថយន្តនេះបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សារិត អាយុ២២ឆ្នាំ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្្ស្សី។ លោកថា ជននេះទំនងជាបែកថ្នាំដល់កំរិត បានលួចរថយន្តមួយគ្រឿង ម៉ាកហាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-1578 របស់ឈ្មោះ ទូច ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ដែលកំពុងរងចាំដឹកស្រូវ។

ប៉ុន្តែត្រូវកម្លាំងរបស់លោកស្ទាក់ចាប់បាន ក្រោយកើតហេតុ២ម៉ោង។ បើតាមរបាយការណ៍ព្រឹត្តិហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន សារិត នេះបានឡើងបើកលួចយករថយន្តខាងលើ នៅវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៥ ធ្នូ ខណៈម្ចាស់ចតរថយន្ត ដោយមិនបានដកសោរ នៅកន្លែងរង់ចាំដឹកស្រូវ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី។ ជននេះបានបើករត់ឆ្ពោះទៅកាន់ក្រុងបាត់ដំបង តែត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ស្ទាក់ចាប់បានភ្លាមៗ ក្រោយទទូលបានបណ្ដឹងពីម្ចាស់រថយន្ត។លោក ឈឿង គឹមសុង បាននិយាយថា មន្រ្តីជំនាញបានសួរនាំជនសង្ស័យរូបនេះ តែគ្មានចម្លើយដែលអាចយកជាការបានទេ ព្រោះជននេះហាក់ដូចជាវង្វែងវង្វាន់បាត់បង់ស្មារតី ដោយសារគ្រឿងញៀន ។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា «ខ្ញុំទើបជក់ថ្នាំញៀនរួចដើរទៅឃើញរថយន្តដឹកស្រូវទុកចោល បាត់ម្ចាស់ទើបខ្ញុំឡើងបើកតែម្ដង»។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកឈឿង គឹមសុង បានបញ្ជាក់ថា បើទោះជាជននេះនិយាយត្រឡប់ត្រឡិនដូចមនុស្សបែកថ្នាំ តែលោកស្នងការ បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ១៧ ធ្នូនេះហើយ៕

ដកស្រង់ពី៖ កោះសន្តិភាព