បណ្តាញសង្គម

បុរស​ម្នាក់​លប​ឆ្មក់​នារី​ម្នាក់ តែ​ត្រូវ​ម៉ូតូ​កង់​បី​សង្កត់ពីលើ​ផ្អើល​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីជាជនជាតិវៀតណាមម្នាក់ដែលកំពុងជិះលើម៉ូតូកង់បីមួយគ្រឿង មិនបានសម្រេច រួចក៏បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីសង្កត់ពីលើម៉ូតូរបស់ជនសង្ស័យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចទល់មុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យខាងលើមានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។តាមប្រភពពីបុរសម្នាក់ជាអ្នកបើកបរម៉ូតូកង់បី ដឹកនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នារីជាជនជាតិវៀតណាមចំនួន៣នាក់បានហៅម៉ូតូកង់បីរបស់គាត់ជិះចេញពីម្តុំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលពួកនាងមានបំណង់ទៅពោធិ៍ចិនតុង។ បន្ទាប់មក គាត់ក៏បានបើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HI-4055 ហើយគាត់ក៏បានបើកធ្វើដំណើរដឹកពួកនាងៗជាភ្ញៀវ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច។

បុរសជាអ្នកបើកម៉ូតូកង់បីបន្តថា លុះពេលបើកមកដល់ចំណុចកើតហេតុ នារីជាភ្ញៀវម្នាក់ក៏បានដកទូរស័ព្ទដៃមួយគ្រឿងម៉ាក IPHONE13 promax យកមកចុចមើលផែនទី និងបានយកបង្ហាញប្រាប់គាត់ពីគោលដៅដែលពួកនាងចង់ទៅ ខណៈពេលនោះក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1IW-9395 ជិះតាមពីក្រោយ និងបានជិះមកវ៉ាជែងខាងស្តាំម៉ូតូកង់បី រួចជនសង្ស័យរូបនោះក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីរងគ្រោះ តែក៏ត្រូវនារីរងគ្រោះទាញយកត្រឡប់មកវិញ។បុរសជាអ្នករត់ម៉ូតូកង់បីបន្តទៀតថា ស្របពេលនោះដែរ រូបគាត់ក៏បានលូកដៃទៅចាប់ជនសង្ស័យ ទើបធ្វើឲ្យរេចង្កូតម៉ូតូកង់បីក្រឡាប់ផ្ងារសង្កត់ទៅលើម៉ូតូរបស់ជនសង្ស័យ បណ្តាលឲ្យដួលរងការខូចខាតទាំងម៉ូតូជរបស់នសង្ស័យ និងម៉ូតូកង់បីរបស់គាត់យ៉ាងដំណំតែម្តង និងបណ្តាលឲ្យនារីរងគ្រោះ និងភ្ញៀវទាំង២នាក់ទៀតរងរបួសស្រាលផងដែល។

ហើយភ្លាមៗនោះ គាត់ក៏បានស្រវាស្ទុះចេញពីកង់បីទៅចាប់ជនសង្ស័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុចុះមកជួយ ទើបអាចចាប់ឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីកសាងសំណុំរឿង រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព