បណ្តាញសង្គម

ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ​គ្រាន់តែ​ឃើញ​ភ្លាម​​​​​នាំ​គ្នា​រត់​ប្រះ​អាយុ​អស់

ដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ាស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ ធ្នូ កំលាំងជំនាញបានចុះល្បាតនៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ក្នុងភូមិសាស្ត្រចម្ការកៅស៊ូមួយកន្លែងមិនស្គាល់ម្ចាស់ ប្រទះឃើញក្រុមអ្នកញៀនល្បែងបញ្ជល់មាន់កំពុងតែនាំគ្នាលេងហ៊ោកញ្ច្រៀវដោយភ្នាល់ដាក់លុយ។

ប៉ុន្តែគ្រាន់តែពួកគេក្រឡេកឃើញសមត្ថកិច្ចភ្លាម ក្រុមអ្នកញៀនល្បែងនាំគ្នារត់ចោលម៉ូតូនិងមាន់គេចខ្លួនចូលក្នុងព្រៃបាត់អស់។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះ តែងតែណាត់គ្នាបញ្ជល់មាន់ដាក់លុយម្ដងនៅត្រង់នេះម្ដងនៅត្រង់នោះ ដើម្បីបង្វែងដានពីសមត្ថកិច្ច ព្រោះថាល្បែងស៊ីសងនេះច្បាប់មិនអនុញ្ញាតឲ្យលេងនោះទេ។ សូម្បីតែលោកស្នងការនគរបាលខេត្តកដាក់បទបញ្ជាឱ្យបង្ក្រាបដែរ។សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ក្នុងពេលដែលបានប្រទះឃើញមនុស្សមួយក្រុមកំពុងប្រមូលផ្តុំគ្នាលេងជល់មាន់(គូរដី)ក្នុងចំការកៅស៊ូមិនស្គាល់ម្ចាស់ ពេលឃើញសមត្ថកិច្ចយើងទៅដល់អ្នកលេងប្រហែល១០ទៅ១៥នាក់បានរត់គេចខ្លួនអស់បន្សល់ទុកម៉ូតូចំនួន០៦គ្រឿង(ចាស់) មាន់ឈ្មោលចំនួន០២(ងាប់០១) ជញ្ជីងថ្លឹងចំនួន០១ ស៊ុមក្រុងមាន់ចំនួន០១។វត្ថុតាងខាងលើ សមត្ថកិច្ចយើងបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្ត។ ជាមួយនោះលោកអធិការនគរបាលស្រុកក៏បានឆ្លងយោបល់ទៅលោកស្នងការនិងបានទាក់ទងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការពិន័យដល់ម្ចាស់ម៉ូតូដើម្បីឲ្យរាងចាល ៕

ដកស្រង់ពី៖ កោះសន្តិភាព