បណ្តាញសង្គម

ឃុំខ្លួន​ចាងហ្វាង​គេហទំព័រ​ ២​នាក់ ប្រឈម​​ជាប់​ពន្ធនាគារ​ពី​២ ទៅ​៥​ឆ្នាំ ពី​បទ​គំរាម​កំ​ហែក​ហែកកេរ្តិ៍

លោក សេង លាង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួន ចាងហ្វាងគេហទំព័រ ២រូប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ គំរាមកំហែងហែកកេរ្តិ៍ ។

ចៅក្រមសម្រេចឃុំខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ ញ៉ូ មានទីលំនៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ និងម្នាក់ទៀត ឈ្មោះ ឆុំ ដានី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចាងហ្វាងគេហទំព័រ កងមាស មានទីលំនៅបន្ទាប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ គំរាមកំហែងហែកកេរ្តិ៍. ប្រព្រឹត្តនៅចំណុច ម៉ាតស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៣៧២.៣៧៣ នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ៣៧២ (និយមន័យ នៃការគំរាមកំហែងហែកកេរ្តិ៍) អំពើគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្ត ដោយគំរាមកំហែងបើកកកាយ ឬទម្លាយកំហុស ទៅលើអំពើដែលនាំឲ្យប៉ះពាល់កិត្តិយស ឬការរាប់អាន ដើម្បីបាននូវ ៖

១. ហត្ថលេខា ឬស្នាមម្រាមដៃ

២. ការសន្យា ឬការបោះបង់ចោលអ្វីមួយ

៣. ការបង្ហាញអាថ៍កំបាំងណាមួយ

៤. ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ។

មាត្រា ៣៧៣ (ទោសដែលត្រូវអនុវត្ត) អំពើគំរាមកំហែងហែកកេរ្តិ៍. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី៤លាន ទៅ១០លានរៀល ។ សូមជម្រាបថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន ជាក់ស្តែងទៅលើជនសង្ស័យ ជាចាងហ្វាងគេហទំព័រអនឡាញ ២នាក់ ដូចមានឈ្មោះខាងលើនេះ នៅចំណុច ម៉ាតស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ពន្ធពីបទ កំហែងយក ពោលគឺជម្រិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន ។

អង្គហេតុ នៃការមិនចុះផ្សាយព័ត៌មាននោះ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស បានទៅថតរូប ហាងកាហ្វេយីហោ V88 ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២២, ២៤ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយម៉ោងប្រហែល៩កន្លះយប់ ឈ្មោះ ឆុំ ដានី បានយករូបថតហាង V88 ទៅធ្វើការផ្វព្វផ្សាយព័ត៌មាន នៅលើគេហទំព័ត៌កងមាសរបស់ខ្លួន ដោយសរសេរចំណងជើង (ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំ កំពុងតែធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្រឹកគ្រេង ខណៈសមត្ថកិច្ច ពាក់ព័ន្ធថ្នាក់មូលដ្ឋានមើលមិនឃើញ) ហើយឈ្មោះ ឆុំ ដានី ក៏បានបញ្ជូនរូបភាព នឹងអត្ថបទនេះទៅឲ្យឈ្មោះ អ៊ុន ចានថា ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ ញ៉ូ ហើយឈ្មោះ អ៊ុន ចាន់ថា ក៏បានយកអត្ថបទដែលឈ្មោះ ឆុំ ដានី ផ្តល់ឲ្យទៅចុះផ្សាយនៅលើគេហទំព័ររស្មីក្រុតាខ្មៅ ញ៉ូ របស់ខ្លួនដោយសរសេរថា (ខណ្ឌដូនពេញ ទីតាំងល្បែងស៊ីសង ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ នឹងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗខុសច្បាប់ជាច្រើន តាមប្រពន្ធអនឡាញ ក្នុងសង្កាត់ស្រះចក សូមអាជ្ញាធរចុះបង្ក្រាបផង) ។

បន្ទាប់ពីឃើញគេហទំព័រកងមាស ចុះផ្សាយព័ត៌មានមិនពិត បុគ្គលិកហាង V88 ឈ្មោះ ម៉ា សុខរ៉ាដែន បានទូរសព្ទ ទំនាក់ទំនងទៅឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាសដើម្បីសុំជួប នឹងសុំឲ្យលប់ព័ត៌មាននោះវិញ ។ ពេលនោះឈ្មោះ ឆុំ ដានី បានឆ្លើយតបថា បើចង់ឲ្យលុបព័ត៌មាននេះ ត្រូវប្រគល់ប្រាក់ឲ្យពួកខ្លួនក្នុងម្នាក់ ១លានរៀល នឹងបង់ប្រចាំខែម្នាក់ ៥០ដុល្លារអាមេរិក ជារៀងរាល់ខែ ថែមទៀត ។ ក្រោយពីបានឮ សម្តីចាងហ្វាងគេហទំព័រកងមាស និយាយដូច្នេះ ម៉ា សុខរ៉ាដែន បាននាំពាក្យទៅប្រាប់ឈ្មោះ នាក់ គន្ធា ដែលជាអ្នកគ្រប់គ្រងហាង V88 ។ លុះដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ នាក់ គន្ធា បានសម្រេចទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីឲ្យជួយចាត់ការលើចាងហ្វាងគេហទំព័រទាំង ២នាក់នេះ ដោយចោទប្រកាន់ពីបទ កំហែងយក(ជំរិតទារប្រាក់) ។

អង្គហេតុបានបញ្ជាក់ទៀតថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ដើមបណ្តឹង បានទំនាក់ទំនងទៅឈ្មោះ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស ដើម្បីនិយាយពីការចុះផ្សាយព័ត៌មានកន្លងមក ពេលនោះ ឈ្មោះ ឆុំ ដានី បានណាត់ដើមបណ្តឹង ឲ្យទៅជួបនៅម៉ាតស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ លុះពេលទៅដល់ ក៏ជួបជាមួយ ឆុំ ដានី ចាងហ្វាងគេហទំព័រកងមាស និងឈ្មោះ អ៊ុន ចាន់ថា ចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ ញ៉ូ បាននិយាយទារប្រាក់ពីឈ្មោះ នាក់ គន្ធា ចំនួន៨០០ដុល្លាអាមេរិក សម្រាប់ពីរអង្គភាព នឹងឲ្យបង់ប្រាក់ក្នុងមួយខែ ៤០០អាមេរិកទៀត ។

ដើមបណ្តឹង នឹងលោកចាងហ្វាងទាំងពីរ និយាយចចារ ទំរាំត្រូវរ៉ូវគ្នា នៅត្រឹម៦០០ដុល្លារ សម្រាប់ដកការផ្សាយចេញពីគេហទំព័ររៀងខ្លួន នឹងព្រមព្រៀង បង់ប្រចាំខែចំនួន២០០ដុល្លារអាមេរិក សម្រាប់២អង្គភាពនោះទៀត ក្នុងមួយខែៗ ។ ពេលនោះឈ្មោះ នាក់ គន្ធា បានប្រគល់ប្រាក់ចំនួន៦០០ដុល្លារអាមេរិក ឲ្យទៅឈ្មោះ ឆុំ ដានី ហើយក៏ដើរចេញពីម៉ាតនោះទៅ ។ ចំណែកលោកចាងហ្វាង ឆុំ ដានី នឹងលោក ចាងហ្វាង អ៊ុន ចាន់ថា ពេលទទួលបានប្រាក់៦០០ដុល្លារហើយ ក៏ចែកលុយគ្នា ដាក់ហោប៉ៅ យ៉ាងរីករាយរៀងខ្លួន រួចដឹកដៃគ្នា ដើរចេញពីម៉ាតទាំងញញឹមប៉ព្រាយ បម្រុងទៅរកមធ្យោបាយ ធ្វើដំណើរទៅផ្ទះ ក៏ត្រូវសមត្តកិច្ចចាប់ខ្លួនតែម្តងទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព