បណ្តាញសង្គម

ចាប់​បាន​ម្នាក់ ក្នុង​ចំណោម​ជនសង្ស័យ​២​នាក់ ករណី​ឆក់​កាបូប​នារី​បុគ្គលិក​កាស៊ីណូ ក្នុង​ក្រុងព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដោយឃាត់បានជនសង្ស័យ០១នាក់ ។

ករណីឆក់កាបូប កើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខកាស៊ីណូ ហាវជាំង ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយអ្នកបើកម៉ូតូ ពាក់យឺតពណ៌ខ្មៅ ដៃខ្លី និងអ្នកជិះពីក្រោយពាក់អាវយឺត ពណ៌ស ដៃវែង បានធ្វើសកម្មភាព ដោយជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1O-2739 បានឆក់កាបូបនារីជនជាតិខ្មែរម្នាក់ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរឆ្លងថ្នល់ រួចជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការស្រាវជ្រាវ និងស្វែងរកតាមភិនភាគរបស់ជនសង្ស័យ រហូតដល់វេលាម៉ោង១៩ និង៥០នាទី ក៏ប្រទះឃើញជនសង្ស័យទាំង ០២នាក់ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1O-2739 នៅផ្លូវក្រោយស្ថានីយ៍ប្រេងកាល់តិច គ្រាន់តែ ជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូគេចខ្លួនយ៉ាងលឿន កម្លាំងសមត្ថកិច្ច បានដេញចាប់ប្រផាប់ចាប់ប្រភីង រហូតដល់កែងផ្លូវ ភោជនីយ៍ដ្ឋាន មេត្រូផាប់ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកជនសង្ស័យ បានផ្តួលម៉ូតូ រត់គេចខ្លួនចូលទៅផ្លូវលំ កម្លាំងសមត្ថកិច្ច បានដេញតាមចាប់ឃាត់ខ្លួនបាន ចំនួន០១នាក់ រីឯជនសង្ស័យ ០១នាក់ទៀត បានគេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចយើងកំពុងស្វែងរកចាប់ខ្លួន ។

នារីរងគ្រោះមានឈ្មោះ សួង ម៉េងលី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ហាវជាំង មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារដែលបាត់បង់ រួមមាន ៖ -ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH -ទូរសព្ទដៃ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ -លុយចំនួន ៤០,០០០៛ (បួនម៉ឺនរៀល) -កាតធនាគារ ABA ០១សន្លឹក -សោម៉ូតូ ០១ និងសម្ភារប្រើប្រាស់មួយចំនួន ។ ជនសង្ស័យ ចំនួន ០១នាក់ ដែលចាប់ឃាត់ខ្លួនបានឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ វត្ថុតាងដកហូតបាន រួមមាន ៖ -ការបូបលុយ ០១ ពណ៌ត្នោត ម៉ាក LH (ផលនៃអំពើចោរកម្ម) -កាតធនាគារ ABA ០១សន្លឹក (ផលនៃអំពើចោរកម្ម) -សោរម៉ូតូ ០១ និងសម្ភារៈប្រើប្រាស់មួយចំនួន (ផលនៃអំពើចោរកម្ម) -ម៉ូតូ ០១គ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1O-2739 (មធ្យោបាយប្រព្រឹត្តបទល្មើស) ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព