បណ្តាញសង្គម

ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក ក្នុងស្រះទឹក ​លង់ស្លា.ប់ ទាំង២នាក់

ក្មេងស្រី០២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ០៩ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា បានបាត់បង់ជីវិត ខណៈពេលជិះចានជ័រ សម្រាប់លាយស៊ីម៉ងត៍ បេះផ្កាឈូក ក្នុងស្រះទឹក ហើយលិច។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ០៣ និង ៣០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។នគរបាល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង ០២នាក់ ម្នាក់ឈ្មោះ ស្រឿង លីដា ភេទស្រី អាយុ ១០ឆ្នាំនិងម្នាក់ទៀត ឈ្មោះ ឡូ ស្រីនឹង ភេទស្រី អាយុ ០៩ឆ្នាំ។ ទាំង ០២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅ ក្នុងភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រភពដដែល បានបញ្ជាក់ថា មុនពេលកើតហេតុ កុមារីរងគ្រោះទាំង ០២នាក់ខាងលើ ត្រូវបានជីដូន ប្រើឲ្យទៅបេះផ្កាឈូក ដើម្បីយកមកថ្វាយព្រះ ព្រោះជាថ្ងៃពេញបូណ៌មី។ បន្ទាប់មក ក្មេងរងគ្រោះ ក៏បានបបួលគ្នា ០២នាក់បងប្អូន ទៅបេះផ្កាឈូក នៅក្នុងស្រះទឹកសហគមន៍ នៅជិតផ្ទះ ដោយជិះចានជ័រ សម្រាប់លាយស៊ីម៉ង់ត៍ទាំង ០២នាក់។

ពេលជិះដល់កណ្តាលស្រះទឹក ចានជ័រ បានក្រឡាប់ បណ្តាលឲ្យលង់តែម្តង។ ស្របពេលនោះ យាយរបស់កុមារី បានស្រែកហៅអ្នកជិតខាងឲ្យជួយ រួចហើយ ក៏បានស្រង់យកជនរងគ្រោះទាំង ០២នាក់ យកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំគោកកឋិន តែមិនអាចសង្គ្រោះបាន។ ឪពុកម្តាយ មិនអស់ចិត្ត ក៏បានបញ្ជូនទៅសង្រោះបន្ត លុះដឹកទៅដល់មន្ទីរពេទ្យឯកជន នៅឃុំភូមិថ្មី នៅតែមិនអាចជួយសង្រ្គោះបាន ព្រោះក្មេងស្រីទាំង ០២នាក់ បានស្លា.ប់ តាំងពីស្រង់ពីទឹក មកម្លេះ ទើបដឹកស.ព ត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយជាពន់ពេក៕

ដកស្រង់ពី៖ កោះសន្តិភាព