បណ្តាញសង្គម

ចាប់បាន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត ពូកែ​ខាង​បោក​បញ្ឆោត​តាម​ហ្វេ​ស​ប៊ុ​ក ផ្ញើ​សម្ភារ​មាន​តម្លៃ​ឲ្យ​ជន​រង​គ្រោះ

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យចំនួន០១នាក់ ជាជនជាតិនីហ្សេរីយ៉ា ដែលជាមុខសញ្ញាសកម្ម ឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា ។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យខាងលើ បានបញ្ជាក់ថា ប្រតិបត្តិការនេះ កម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរអាជីវករ ស្នាក់នៅរាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្ម ដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ធ្វើសកម្មភាពក្លែងខ្លួនជាសុំស្រឡាញ់ និងរាប់អាន ធ្វើជាមិត្តភក្តិទៅជនរងគ្រោះ ដោយប្រាប់ថា ខ្លួនរស់នៅក្រៅប្រទេស មានកញ្ចប់ឥវ៉ាន់ ត្រូវផ្ញើមកឲ្យ មានសម្ភារៈជាច្រើនដូចជា កាបូប ប្រាក់ដុល្លាអាមេរិក និងមាសមួយចំនួន និងបានបង្កើតហេតុការផ្សេងៗ ឲ្យជនរងគ្រោះបង់ប្រាក់ជាបន្តបន្ទាប់ រហូតលែងមានលទ្ធភាពបង់ មកឲ្យខ្លួន ទើបបិទទូរសព្ទ និងបណ្ដាញសង្គមនានា លែងទំនាក់ទំនងបាន ។ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ CHUKWUEKE FELIX CHIBUEZE ត្រូវបានតុលាការចេញដីកា ឃុំខ្លួនដាក់ពន្ធនាគារ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចសូមធ្វើការក្រើនរំឮក ដល់បងប្អូន ដែលតែងតែប្រើប្រាស់បណ្ដាញសង្គមនានា សូមមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលប្រើមនោសញ្ចេតនា ដើម្បីលួងលោមបោកប្រាស់ ដោយសន្យាផ្ញើសម្ភារៈ មានតម្លៃ ឬត្រូវប្រាក់រង្វាន់នានា ។ ជាការកត់សម្គាល់ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ មិនមែនជាការបង្ក្រាបលើកទី១នៅក្នុងប្រទេសកម្ពុជានោះទេ កន្លងមកមានក្រុមជនសង្ស័យភាគច្រើន ជាជនជាតិនីហ្សេរីយ៉ា តែម្តង ដែលតែងតែក្លែងបន្លំតាមបច្ចេកវិទ្យា ធ្វើការ ឆបោកប្រាក់ពីប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ មានជនរងគ្រោះខ្លះ អស់ទ្រព្យពីខ្លួន រហូតដល់បញ្ជប់ជីវិតខ្លួនឯង ថែមទៀតផង ៕

ដកស្រង់ពី៖ កោះសន្តិភាព