បណ្តាញសង្គម

ចេញ​ឆក់​លើក​ទី​១ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ

បើតាមយោងកងអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងល្បាតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ឆក់កាបូប នៅចំណុចមុខហាងគុយទាវកូនហេង ក្បែផ្សារ ធីខេ (TK) តាមផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ៖

ទី១-វ៉ា វីណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិទួលកណ្តាល ឃុំកោះ២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ទី២-ញ៉ែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួល ម្តុំបឹងកក់សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង ០២នាក់ បានសារភាពថា កាលពីព្រឹកថ្ងៃទី២៦ធ្នូ ពួកខ្លួន និងបក្ខពួក០៣នាក់ផ្សេងទៀត ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ នៅចំណុចហាងគុយទាវកូនហេង ម្តុំអង់តែនទួលគោក ផ្លូវ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពិតប្រាកដមែន ។ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច ពួកខ្លួន និងបក្ខពួក បានព្យាយាមជិះគេចខ្លួន តែត្រូវកូនប្រុសរបស់ជនរងគ្រោះជិះរថយន្ត ប្រដេញតាមពីក្រោយ ស្របពេលនោះ មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក កំពុងល្បាតក្នុងភូមិសាស្ត្រក្បែរនោះ ក៏ឃាត់ពួកខ្លួនបាន ០២នាក់ ភ្លាមៗ រួមនឹងម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៍ខ្មៅ សេរី ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B 3929 ចំណុចផ្លូវ៣១៥ កែង ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីធ្វើសាកសួរតែម្តង ។

ចំណែកបក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។ កម្លាំងអាវុធហត្ថខណ្ឌទួលគោក ក៏បានប្រគល់កាបូប ជូនជនរងគ្រោះវិញផងដែរ ។ ជនសង្ស័យទាំង០២នាក់ បានយកសំណាករួច ដោយប្រើឧបករណ៍តេសរហ័ស Rapit Test លទ្ធផល អវិជ្ជមាន កូវីដ-១៩ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព