បណ្តាញសង្គម

លួចលើកនេះ ត្រូវម្តាយជនសង្ស័យ​ទ្រាំលែង​បាន​ក៏​ទម្លាយ​​ប្រាប់​ម្ចាស់​ផ្ទះ​

កម្លាំងនគរបាលស្រុកកោះធំ បានធ្វើការឃាត់ខ្លួនលោកចោរដែលពូកែដើរលួចសម្ភារសំណង់ផ្ទះគេជាញឹកញាប់ មានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនិងសម្ភារជាច្រើនផ្សេងទៀត ក្រោយពីម្តាយរបស់ជនសង្ស័យបានទម្លាយរឿងប្រាប់ទៅខាងម្ចាស់ផ្ទះ ។

ហេតុការណ៍លួចកើតឡើងនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣ទៀបភ្លឺ ស្ថិតនៅចំណុចកើតហេតុផ្ទះជនរងគ្រោះទី១-ឈ្មោះឃាង មួកយ ស្ថិតក្នុងភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល និងជនរងគ្រោះទី២-ឈ្មោះ ឃាង មួយ ភេទស្រី អាយុ៥៣ឆ្នាំ ជាលក់ដូរ មានទីលំនៅភូមិព្រែកសុឹង ឃុំសំពៅពូន ស្រុកោះធំខេត្តកណ្តាល។ រីឯជនសង្ស័យឈ្មោះ ណឺប ហុកស្រ៊ុន អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរកម្មករលីសែង (មានសារធាតុញៀនក្នុងទឹកនោម) ។

តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឃាង មួយ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានសាងសង់ផ្ទះនៅចំណុចភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល (ជាប់ព្រំផ្ទះរបស់ជនសង្ស័យ) នេះ ។ ហើយគាត់ដឹងថា ជនសង្ស័យតែងតែលួចសម្ភារសាងសង់ផ្ទះរបស់ខ្លួនជាញឹកញាប់ ដែលមានដូចជាស៊ីម៉ង់ ដែក ខ្សែភ្លើង ទុយោទឹក ខ្សែភ្លើងម៉ាស៊ីនត្រជាក់ រួមនិងសម្ភារជាច្រើនផ្សេងទៀត ។ គាត់ពុំបានប្ដឹងទៅសមត្ថកិច្ចទេ ដោយគ្រាន់តែប្រាប់ទៅជនសង្ស័យឲ្យបញ្ឈប់នូវសកម្មភាពលួចសម្ភាររបស់ខ្លួនទៀត។ តែជនសង្ស័យពុំព្រមបញ្ឈប់នូវសកម្មភាពរបស់ខ្លួនឡើយ នៅតែបន្តលួចសម្ភារសាងសង់ផ្ទះរបស់ជនរងគ្រោះទៀត។

ជនរងគ្រោះបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចសម្ភារទុយោទឹកជ័រធំចំនួន០៥ដេីម ដែកមួយចំនួន ខ្សែភ្លើងចំនួន០១ដុំ និងខ្សែភ្លើងដែលកាត់រួចចំនួន០៣កំណាត់ រួមនឹងខ្សែភ្លើងម៉ាស៊ីនត្រជាក់ចំនួនពីរកំណាត់ទៀត។ នៅពេលនោះ គាត់ក៏បានតាមទាន់ និងយកសម្ភារទាំងនោះមកវិញបានខ្លះដែរ ចំណែកឯសម្ភារផ្សេងទៀត ត្រូវបានជនសង្ស័យយកទៅលក់បាត់។ លុះនៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទី ជនសង្ស័យក៏បានចូលលួចថ្នាំលាបជញ្ជាំងផ្ទះអស់ចំនួន០៣ធុង ដោយមួយ០១តម្លៃ១៨០ដុល្លារ ចំណែកឯ០២ធុងផ្សេងទៀតសរុបជាប្រាក់១៤០ដុល្លារ រួមនិងសម្ភារមួយចំនួនទៀត។Picture ប៉ុន្តែលើកនេះ ត្រូវម្ដាយរបស់ជនសង្ស័យបានទូរស័ព្ទប្រាប់គាត់ថា សម្ភារដែលបាត់នោះត្រូវកូនឈ្មោះណឺប ហុកស្រ៊ុន លួចសម្ភារយកទៅលាក់ទុកនៅក្នុងបន្ទប់ដេករបស់វា ។

ពេលឮដូចនេះ គាត់ក៏បានប្រាប់ទៅជាងសាងសង់ផ្ទះឲ្យទៅមើលក៏បានឃើញហ្វូរីភ្លើងចំនួន០២កេះធំ ។ ចំណែកឯដែកបំពង់ទីបចំនួន០៧ដេីមផ្សេងទៀត នៅខាងក្រៅផ្ទះ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់។ លុះនៅថ្ងៃទី២៨ ធ្នូ វេលាម៉ោង១៣និង៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន។ បន្ទាប់មក កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកោះធំ បានស្រាវជ្រាវរកជនសង្ស័យឃេីញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព