បណ្តាញសង្គម

ចាប់ចិន ៩នាក់ រត់ពន្ធគ្រឿងញៀន ជាង ៣៥០គីឡូក្រាម បង្កប់​ក្នុងបំពង់ដែក បញ្ជូន​ពីចិន មកកម្ពុជា

កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យជាជនជាតិចិន និងជាឈ្មួញគ្រឿងញៀន ៩នាក់ រួមទាំងថ្នាំញៀនជាង ៣៥០គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងអស់ពេលជាង ៤ខែ ទើបឈានទៅបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលក្រុមជនជាតិចិន លួចលាក់បញ្ជូនគ្រឿងញៀនទាំងនោះ បង្កប់ក្នុងបំពង់ដែក គ្រោងបញ្ជូនបន្តទៅកាន់ប្រទេសទី៣។សមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជា និងចិន បានស្រាវជ្រាវបង្ក្រាបបទឧក្រិដ្ឋ ជួញដូរគ្រឿងញៀន ឆ្លងដែន ដោយចាប់ខ្លួនជនសង្ស័យ ១ក្រុម ចំនួន ៩នាក់ និងរឹបអូសគ្រឿងញៀនជិត ៣៥០គីឡូក្រាម នៅរាជធានីភ្នំពេញ។ នោះគឺកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីនេះ។ ករណីនេះ ផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន ហើយសមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញ ហើយក៏បានបើកការស៊ើបអង្កេតអស់រយៈពេលជាង ៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ។ សមត្ថកិច្ចចិន ក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើង នៅ ២គោលដៅផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុច ភោជនីយដ្ឋាន អីយិនម៉ាថូវ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង ៩នាក់ ដែលសមត្ថកិច្ច ឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេខ្លោង)។ ២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣។ ៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩។ ៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០។ ៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩។ ៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥។ ៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០។ ៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២ និង៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២។

ចំណែកគ្រឿងញៀន ដែលចាប់បាន រួមមាន ប្រភេទមេតំហ្វេតាមីន(ICE) សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន។ ក្រៅពីនោះ សមត្ថកិច្ច ក៏ចាប់យកទ្រព្យសម្បត្តិ រួមមាន៖ ១.រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 ២.ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 ៣.ទូរស័ព្ទដៃ ចំនួន ១០គ្រឿង និង៤.ប្រាក់ ៣០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន បានរៀបចំ បញ្ជូនបំពង់ដែក មកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បម្រុងបញ្ជូនតាមផ្លូវសមុទ្រ ទៅប្រទេសទី៣។ រហូតដល់ល្ងាចថ្ងៃទី២៩ ខែធ្នូនេះ ក្រុមជនសង្ស័យ កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរ នៅតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖ កោះសន្តិភាព