បណ្តាញសង្គម

ក្រុម​ឈ្មួញ​ បន្ត​ដឹកឈើ​​រៀង​រាល់​យប់ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ សហការ​បង្ក្រាប

គោយន្តកន្ត្រៃមួយគ្រឿង ដែលដឹកឈើប្រភេទលេខ២ បានត្រូវមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកអន្លង់វែង និងនគរបាលប៉ុស្គិ៍ឃុំថ្លាត បង្ក្រាប កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅតាមផ្លូវលំមួយ ក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង។

លោក វុន ប៊ុនធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង បានឱ្យដឹងថា នៅពេលមានពលរដ្ឋផ្តល់ព័ត៌មានពីករណីគោយន្តកន្ត្រៃដឹកឈើនេះ រូបលោក ក៏បានសហការកម្លាំងអាវុធហត្ថស្រុកអន្លង់វែង និងនគរបាលប៉ុស្តិ៍ឃុំថ្លាត ទៅធ្វើការបង្ក្រាបតែម្តង។ លោកនាយសង្កាត់ បញ្ជាក់ថា គោយន្តកន្ត្រៃនេះ ដឹកឈើប្រភេទលេខ២ ដោយមានមន្ត្រីគ្រាប់ល្ពៅ ចំនួន ២រូប ជាអ្នកនាំ និងមើលផ្លូវ និងតែងតែធ្វើសកម្មភាពជាញឹកញាប់មកហើយ តែនៅពេលបង្ក្រាបនោះ ម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល។ រីឯគោយន្តកន្ត្រៃ និងឈើជិត ៥ម៉ែត្រគូប ត្រូវបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ រង់ចាំមានវិធានការបន្ត ទៅតាមនីតិវិធី។ គួររំឭកថា កន្លងមក គេតែងតែសង្កេតឃើញ មានសកម្មភាពគោយន្តកន្ត្រៃ ដឹកឈើលេខ២នេះ យ៉ាងគគ្រឹកគគ្រេង ក្នុងស្រុកត្រពាំងប្រាសាទ និងចេញពីស្រុកត្រពាំងប្រាសាទ ឆ្ពោះមកឆ្លងកាត់ស្រុកអន្លង់វែង រួចបន្តទៅខេត្តសៀមរាប និងស្រុកស្រីស្នំ ដែលក្នុងមួយយប់ៗ ពី ១០ទៅ ២០គោយន្ត៕

ដកស្រង់ពី៖ កោះសន្តិភាព