បណ្តាញសង្គម

​មនុស្សលង់ទឹក នៅប្រើទម្លាប់​​កប់​​ដីខ្សាច់ និង​សម្លាប់​​ទា​កាប៉ា​ ដាក់​ពីលើ​ទ្រូង​ទៀត!

ក្មេងប្រុសជំទង់ម្នាក់ បានលង់ទឹកស្លា.ប់ ខណៈរូបគេ និងមិត្តភក្តិ ៤នាក់ ទៅ ៥នាក់ នាំគ្នា ចុះងូតទឹកស្ទឹងលេង។ ការសប្បាយ ក្លាយជាទុក្ខនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣ និង ៣០នាទី រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅដងស្ទឹងក្រោយពន្ធនាគារ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ក្មេងប្រុស ដែលលង់ទឹកនោះ ឈ្មោះ ហុង ថងហ្វា អាយុ ១៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោកនាយប៉ុស្តិ៍នគរបាលទឹកថ្លា បានឱ្យដឹងថា ក្រុមក្មេងៗ មានគ្នា ៤នាក់ ទៅ ៥នាក់ បាននាំគ្នាចុះងូតស្ទឹងលេង។ ខណៈនោះ ក្មេងប្រុស ដែលរងគ្រោះ បានហែលទៅកណ្តាលស្ទឹងចម្ងាយពីច្រាំងប្រហែល ៦ ទៅ ៧ម៉ែត្រ ស្រាប់តែអស់ដៃ បណ្តាលឱ្យលិចទៅក្នុងទឹកបាត់។ ភ្លាមៗនោះ មិត្តភក្តិ ដែលលេងទឹកជាមួយគ្នា បានហែលឡើងគោក រួចរត់ទៅប្រាប់អ្នកអង្គុយផឹកស៊ី នៅក្បែរនោះ ក៏នាំគ្នា ៣នាក់ ទៅ ៤នាក់ ទៅជួយរាវរក និងរកឃើញលិចដល់បាតស្ទឹងដែលមានជម្រៅ ៥ ទៅ ៦ម៉ែត្រ។ លោកនាយប៉ុស្តិ៍ឲ្យដឹងទៀតថា ក្រោយពីរកឃើញក្មេងប្រុសរងគ្រោះហើយ សាច់ញាតិ បានធ្វើពិធីតាមទំនៀមទម្លាប់ ជាការសង្គ្រោះបឋម ដោយយកទៅកប់ក្នុងដីខ្សាច់ និងសម្លាប់ទាកាប៉ា ដាក់ពីលើទ្រូង។ ប៉ុន្តែ ដោយនៅតែមិនដឹងខ្លួន ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោ ភ័ណ និងត្រូវបានគ្រូពេទ្រប្រាប់ថា ក្មេងប្រុសស្លា.ប់ហើយ មិនអាចជួយសង្គ្រោះ បានទេ៕

ដកស្រង់ពី៖ កោះសន្តិភាព