បណ្តាញសង្គម

បើករថយន្ត​ឡើង​លើ​ភ្នំ​បូកគោ ស្រាប់តែ​ឆាបឆេះ​ស្ទើរតែ​ទាំងស្រុង បុរស​២​នាក់​មិន​មាន​គ្រោះថ្នាក់

ករណីអគ្គិភ័យឆាបឆេះរថយន្តចំនួន ០១គ្រឿង បានកើតឡើងវេលាម៉ោង០១និង១០នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្លូវឡើងទៅភ្នំបូកគោ តាមបណ្តោយផ្លូវជាតិលេខ៣២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ក្នុងភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

មន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ បានអោយដឹងថា រថយន្តម៉ាក កាម៉ារីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3745 បើកបរក្នុងទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានឆ្លងភ្លើង បណ្ដាលអោយឆេះតែម្ដង ។ ប្រភពដដែលបានបន្តថា អ្នកបើបរមានឈ្មោះ ចាប ផាង ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួស និងបុរសម្នាក់ទៀត ជាអ្នករួមដំណើរ មានឈ្មោះ ភឹម សាវុធ អាយុ៦៥ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួសទេ ។ ក្រោយកើតហេតុ ឆេះរថយន្តខាងលើ ក្រុមហ៊ុនអូតែលសុខា បានបញ្ជូនពន្លត់អគ្គិភ័យរបស់ខ្លួន ចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិភ័យនេះ ផងដែរ ។ បច្ចុប្បន្ន រថយន្តរងការខូចខាតស្ទើរតែទាំងស្រុង ត្រូវបានកម្លាំងជំនាញទាក់ទងរថយន្តស្ទួច ដើម្បីដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ ផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព