បណ្តាញសង្គម

ស្ត្រី​បរទេស​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូ YUETAI GROUP ជាន់​ទី​៣៩ ដោយ​មិនដឹង​មូលហេតុ​

ស្ត្រីជាជនបរទេសម្នាក់ វ័យជាង ២០ឆ្នាំ ដោយមិនដឹងជាជនជាតិចិន ឬជនជាតិវៀតណាមឡើយ បានធ្លាក់ពីលើជាន់ទី៣៩ នៃអគារខុនដូ YUETAI GROUP។

មិនទាន់មានអ្នកណាម្នាក់ បានដឹងពីមូលហេតុអ្វីនៃរឿងនេះឡើយ? តែមានអ្នកខ្លះ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញនាងអង្គុយផឹកស្រាបៀរម្នាក់ឯង អស់ជាច្រើនដប ហើយក៏ស្រាប់តែលោតពីលើអគារតែម្តង ដោយគេដេញចាប់ដែរ តែចាប់មិនទាន់។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ០៤ និង ១៥នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅចំណុចខាងមុខអគារខុនដូ YUETAI GROUP ស្ថិតនៅខាងជើងស្ពានអាកាសក្បាលថ្នល់ តាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រភពព័ត៌មានពីនគរបាល បានប្រាប់ឱ្យដឹងថា មានគេរាយការណ៍ថា មានស្ត្រីម្នាក់ បានធ្លាក់ពីបន្ទប់លេខ D ២៥០៣ ជាន់ទី៣៩ នៅអគារខុនដូ ឈ្មោះ YUETAI GROUP។

ភ្លាមនោះ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ និងខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ ក៏បានប្រទះឃើញស្ត្រី ជាជនបរទេសម្នាក់ ដេកស្លា.ប់ផ្កាប់មុខ ក្នុងថ្លុកឈាម នៅលើផ្លូវមុខអគារខុនដូ។ កងកម្លាំងសមត្ថកិច្ច ក៏បានសហការជាមួយនឹងកម្លាំងការិយាល័យនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការនគរបាល រាជធានីភ្នំពេញ ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ។ តាមប្រភពដដែល ស្ត្រីជាជនបរទេស ដែលធ្លាក់ពីលើជាន់ទី៣៩ នៃអគារខុនដូ YUETAI GROUP នៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ហើយក៏នៅមិនទាន់ដឹងថា នាងជាជនជាតិចិន ឬក៏ជាជនជាតិវៀតណាម ឲ្យច្បាស់នៅឡើយ? តែបើតាមការអះអាងរបស់បុគ្គលិកបម្រើការងារ នៅក្នុងអគារខុនដូខាងលើ មុនពេលកើតហេតុ គេបានឃើញនាងអង្គុយផឹកស្រាបៀរអស់ជាច្រើនដប និងជក់បារី នៅលើរានហាលខាងមុខបន្ទប់លេខ D២៥០៣ ជាន់ទី៣៩ ម្នាក់ឯង។ លុះទំនងជាដល់ពេលនាងស្រវឹង ក៏ស្រាប់តែនាង ដើរឡើងទៅលោតសម្លា.ប់ខ្លួនតែម្តង ដោយមានអ្នកដេញចាប់ដែរ តែចាប់មិនទាន់។

បុរសជាសន្តិសុខម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលរួបគាត់ កំពុងតែអង្គុយយាមនៅខាងមុខហាងមួយកន្លែង ក្បែរកន្លែងកើតហេតុ ក៏ស្រាប់តែឮសំឡេង លាន់តែ «ខ្ពុក» ដោយស្មានតែសំឡេងកាតុងធ្លាក់ ហើយក៏បានរត់ទៅមើល ទើបបានដឹងថា មនុស្ស និងបង្កការភ្ញាក់ផ្អើល កើតឡើង និងមានសមត្ថកិច្ចជាច្រើន បានចុះមកដល់ផងដែរ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ នៅអាគារខនដូ YUETAI GROUP និងពិនិត្យសាកសពនារី ជាជនបរទេសរងគ្រោះ ដើម្បីអោយបានដឹងថា តើនាងធ្លាក់ពីលើអគារ ឬក៏លោតធ្វើអត្តឃា .តសម្លា.ប់ខ្លួនឯង។ តែភ្លាមៗ មិនមានអ្នកណា បានដឹងអំពីមូលហេតុអ្វីទេ? ហើយសមត្ថកិច្ច ក៏កំពុងតែធ្វើការស្រាវជ្រាវថា នាងជាជនជាតិចិន ឬជាជនជាតិវៀតណាម អោយបានច្បាស់ដែរ? និងកំពុងតែធ្វើការស្រាវជ្រាវ រកសាច់ញាតិជនរងគ្រោះផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព