បណ្តាញសង្គម

បុរស​ម្នាក់​ចេញពី​ក្លិប​នាំ​ស្រី​ៗ​ទៅ​ញ៉ាំ​អី ស្រាប់តែ​មួយប៉ប្រិចភ្នែក​អស់​ជាង​១​ម៉ឺន​ដុល្លារ

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាជនជាតិចិនម្នាក់បានបើករថយន្តចេញពីក្លឹបកម្សាន្ត ហើយក៏ឈប់រថយន្តដើម្បីនាំស្រីៗមួយក្រុមទៅរកហូបអាហារនៅម្តុំអគារ ដឺព្រីត ខណៈកំពុងតែដើរឆ្លងផ្លូវនោះ ក៏ស្រាប់តែត្រូវជនសង្ស័យមួយក្រុម បានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះតែម្តងអស់ចំនួនជាង១ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ទល់មុខនឹងអគារ ដឺព្រីត ផ្លូវ៧៨ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមិនទាន់អោយស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាបុរសជនជាតិចិន ហើយសម្ភារៈដែលបាត់បង់មានទូរស័ព្ទម៉ាក iphone13 មួយគ្រឿង និងលុយជាង១ម៉ឺនដុល្លារ រួមទាំងឯកសារមួយចំនួនទៀត។ បើតាមអ្នកបកប្រែអោយបុរសជនជាតិចិនដែលជាជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីក្លឹបកម្សាន្តមួយកន្លែងនៅម្តុំក្រោយស្ថានទូតរុស្ស៊ី ដោយមានស្រីៗមួយក្រុមបានចេញមកជិះរថយន្តជាមួយគេផងដែរ ។

អ្នកបកប្រែខាងលើបន្តថា ខណៈពេលនោះដែរ ជនរងគ្រោះបានបើករថយន្ត ក្នុងគោលបំណងនាំនារីៗទៅហូបអាហារនៅម្ដុំមុខអគារ ដឺព្រីត លុះពេលបើករថយន្តទៅដល់ ជនរងគ្រោះក៏បានចុះពីលើរថយន្តបំរុងឆ្លងផ្លូវ ដោយដៃម្ខាងបានកាន់កាបូបយួរដៃមួយ គាប់ជួនពេលនោះស្រាប់តែមានបុរសជនសង្ស័យ២នាក់បានជិះម៉ូតូចំនួន២គ្រឿង ជាប្រភេទអូតូ មកធ្វើសកម្មភាពឆក់យកកាបូបយួរដៃរបស់ជនរងគ្រោះបានសំរេច ហើយក៏បន្ថែមល្បឿនជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ក្រោយពេលកើតហេតុ នៅពេលដែលសមត្ថកិច្ចមកដល់ ជនរងគ្រោះបាននិយាយថា បើសិនជារកកាបូបរបស់គាត់បានមកវិញភ្លាម គាត់នឹងជូនសគុណ១ម៉ឺនដុល្លារផងដែរ ប៉ុន្តែមិនទាន់រកឃើញភ្លាមៗនៅឡើយទេ ។ បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរកជនសង្ស័យ និងទ្រព្យសម្បត្តិរបស់គាត់មកវិញផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព