បណ្តាញសង្គម

ឆែកឆេរ​រោងចក្រ​បារី ហុង​អន្តរជាតិ រក​ឃើញ​ផលិត ចែកចាយ​បារី​ JET និង 555 ក្លែងក្លាយ

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីវេលាម៉ោង១៤ និង៤៥នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានដឹកនាំកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5930 នៅក្នុងចំណតរថយន្តដឹកទំនិញ (ជិតម្ដុំស្ដុបកោសដូង) សង្កាត់បឹងសាឡាង ក្នុងខណ្ឌទួលគោក ដោយសង្ស័យដឹកជញ្ជូនបារីម៉ាក JET ក្លែងក្លាយ ។

ក្រោយពីការពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញ បារីម៉ាក JET ក្លែងក្លាយ ចំនួន៤៧ ប៊ិច និងដោយមានការសម្របសម្រួលដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបាននាំយករថយន្ត និងអ្នកបើកបរឈ្មោះ នៀ ណារិន ភេទប្រុស អាយុ៣៨ឆ្នាំ ត្រឡប់ទៅទីតាំងដើម ដែលបានដឹកបារីទាំងនោះ គឺស្ថិតនៅរោងចក្របារី ហុង អន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លុះព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៥០នាទី សមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តត្រួតពិនិត្យឆែកឆេរ ក្នុងរោងចក្របារីហុង អន្តរជាតិ ។ ការបង្ក្រាបនេះ ក្រោយពីសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងថា មានការចរាចរណ៍ផលិតផលបារីម៉ាក JET ក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទើបនាយដ្ឋានជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត មានរយៈពេលជាងមួយឆ្នាំមកហើយ ។

ក្នុងប្រតិបត្តិការឆែកឆេរ ត្រួតពិនិត្យជាក់ស្ដែងនេះ បានរកឃើញនូវសម្ភារវត្ថុតាងជាច្រើន ដែលមានការពាក់ព័ន្ធទៅនឹងការផលិត វេចខ្ចប់ ចែកចាយ បារីម៉ាក JET ក្លែងក្លាយ និងបារីម៉ាក ៥៥៥ ក្លែងក្លាយ មួយចំនួនធំ នៅក្នុងឃ្លាំង នៃទីតាំងរោងចក្រខាងលើរួមមាន ៖

១. បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិច និង១៤០កញ្ចប់ ស្មើ ២៣.៦៤០ កញ្ចប់

២. សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០ សន្លឹក ស្មើ ៩៩៥ គីឡូក្រាម

៣. សម្បកសុងបារី JET ចំនួន ១៦,៥០០ សន្លឹក ស្មើ ១៨០គីឡូក្រាម

៤. កន្ទុយស្នោរបារី ចំនួន ៣៨០ កេស ស្មើ ៧,៦០០គីឡូក្រាម

៥. តែមប្រិ៍ BAT ចំនួន ២,០៥៧ សន្លឹក

៦. តែម VN DUTY NOT PAID ចំនួន ២,៨០៨ សន្លឹក

៧. រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 2J-5938

៨. ថង់រុំបារី ចំនួន ៧០បារ៉ែត ស្មើ ៥៩,៥០០គីឡូ ក្រាម

៩. បារីមូលរួច មិនទាន់វេចខ្ចប់ ចំនួន ១៤០ កញ្ជ្រែង ស្មើ ៧០០គីឡូក្រាម

១០. ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ ស្មើ ៤,៧៦៨ គីឡូក្រាម

១១. សម្បកអាលុយមីញ៉ូម ចំនួន ៧៩០ កេស ស្មើ ៣០,០២០ គីឡូក្រាម

១២. ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង

១៣. ម៉ាស៊ីនមូលកន្ទុយបារី ចំនួន ០២គ្រឿង ស្មើ ០២គ្រឿង ។

ក្រោយពីធ្វើការត្រួតពិនិត្យរួច តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ចចម្រុះ ធ្វើការដកហូតសម្ភារខាងលើ នាំយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅនាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នឹងធ្វើការបិទផ្លុំបេទ្វារឃ្លាំង និងច្រកចេញចូល នៃទីតាំងរោងចក្រខាងលើជាបណ្ដោះអាសន្ន និងបានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងខាងលើមានឈ្មោះ ង៉ូវ ម៉ុក ភេទស្រី ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យកទៅចាត់ការតាមនីតិវិធី និងឈ្មោះ ង៉ូវ ស្រ៊ុន ភេទប្រុស បានកំពុងរត់គេចខ្លួន ដែលជាម្ចាស់រោងចក្រផលិតបារី ហុងអន្តរជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព