បណ្តាញសង្គម

រុះរើបង្គោលរបង បន្លា​លួស និងរោងដែកប្រក់​ស័ង្កសី ដែលហ៊ុំព័ទ្ធ​ដីព្រៃ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី

ក្រុមការងារចម្រុះថ្នាក់ជាតិ សហការជាមួយកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃ ដែលជនល្មើស បានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ ស្ថិតនៅចំណុចនិយាមកាលេខ (739324-1364633) ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រុមការងារ បានរុះរើបង្គោលរបង (ឈើ និងថ្ម) បន្លាលួស និងរោងដែកប្រកស័ង្កសី ដែលជនល្មើស បានបោះរំលោភយកដីព្រៃធ្វើកម្មសិទ្ធិ។ ក្រុមការងារចម្រុះ យកភស្តុតាងទាំងនោះ ទៅរក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនោះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ ការអនុវត្តនោះ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចុះពិនិត្យនាពេលថ្មីៗនេះ។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការជាតិ បង្រ្កាប ទប់ស្កាត់ លប់បំបាត់ និងបង្រ្កាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃឈើ វាតយកដីព្រៃឈើ យកធ្វើជាកម្មសិទ្ធិ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាស លើកទឹកចិត្តដល់ក្រុមការងារចម្រុះ បន្តការស្រាវជ្រាវ និងបង្រ្កាបបទល្មើស ឲ្យបានជោគជ័យ។ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានប្រកាស អំពាវនាវដល់សាធារណជន កុំរំលោភដីព្រៃរបស់រដ្ឋ និងដីរដ្ឋដែលបានផ្តល់ឲ្យក្រុមហ៊ុនវិនិយោគ ដែលនាំឲ្យមានការប្រឈមផ្លូវច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព