បណ្តាញសង្គម

​បុរស​ម្នាក់ជាប់​ពន្ធនាគារ​ខេត្តកណ្តាល ក្រោយ​លួច​ថតរូប​នារី​កំពុង​ងូតទឹក

បុរសម្នាក់បានយកទូរសព្ទ ធ្វើសកម្មភាពលួចថតរូបអាក្រា.តកា.យរបស់នារីម្នាក់ កំពុងងូតទឹកក្នុងបន្ទប់ទឹក ត្រូវបានលោកចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទប៉ះពាល់ដល់សិទ្ធិ នៃរូបភាពបុគ្គល និងសម្រេចឃុំខ្លួនដាក់ក្នុងពន្ធនាគារជាបណ្តោះអាសន្ន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ។

ហេតុការណ៍លួចថតរូបនេះ បានកើតឡើងកាលពីវេលាម៉ោង០៥និង៥៥នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅចំណុចបន្ទប់ទឹកមួយកន្លែង ស្ថិតនៅផ្ទះជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។បើតាមសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះម.ស.ធ អាយុ ២០ឆ្នាំ ។ ចំណែកជនសង្ស័យមានឈ្មោះ អិន ធី ហៅខ្លី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកម្មកររោងចក្រ ។ សមត្ថកិច្ច បានអោយដឹងបន្តថា មុនពេលកើតហេតុ នាងរីរងគ្រោះ បានចូលក្នុងបន្ទប់ទឹកប្រើរួមគ្នា ។ នៅពេលកំពុងតែងូតទឹក ស្រាប់តែមានជនសង្ស័យម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នានោះ បានចូលបន្ទប់ទឹកនៅជាប់គ្នា ជាមួយបន្ទប់ទឹកនារីរងគ្រោះដែរ ហើយបានយកទូរសព្ទដៃ ដាក់តាមប្រហោងឥដ្ឋ ដើម្បីលួចថតរូបភាពរបស់នាង ។

បានមួយស្របក់តូច នារីរងគ្រោះបានឃើញទូរសព្ទនោះ ហើយក៏បានទាញយកតាមប្រហោងឥដ្ឋ មកឆែកមើល ក៏ឃើញរូបអាក្រា.តកា.យរបស់នាងជាប់ក្នុងទូរសព្ទរបស់ជនសង្ស័យ ។ ភ្លាមនោះ ជនសង្ស័យបានសុំទូរសព្ទពីនារីរងគ្រោះវិញ ហើយបានសុំទោសនាង និងប្រាប់ថា នឹងលុបរូបភាពទាំងនោះចេញពីក្នុងទូរសព្ទដៃវិញ ។ បន្ទាប់មក នៅពេលជនសង្ស័យ ចេញទៅធ្វើការបាត់ ទើបនារីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកហូរ ថាបុរសរូបនេះលួចថតរូបនាងពេលកំពុងងូតទឹកក្នុងបន្ទប់ទឹក ។ លុះពេលពេលជនសង្ស័យចេញពីធ្វើការវិញ ក៏ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍ ពាក្យបណ្ដឹងរបស់នារីរងគ្រោះ។ ក្រោយសួរនាំ នគរបាលប៉ុស្តិ៍ព្រែកហូរ សម្រេចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបន្តទៅតុលាការខេត្តកណ្តាល តែម្តង ៕

ដកស្រង់ពី៖ កោះសន្តិភាព