បណ្តាញសង្គម

ភ្លើង​ឆេះ​ផ្ទះ ស្លាប់​ប្រពន្ធ​មាន​ផ្ទៃពោះ និង​កូន​ៗ​សរុប​៦​នាក់ តុលាការ​កាត់ទោស​ប្តី ដាក់គុក​អស់​១​ជីវិត

ករណីភ្លើងឆេះផ្ទះ នៅស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ សរុប៦នាក់ (រាប់ទាំងកូននៅក្នុងពោះម្ដាយម្នាក់ទៀត) បានស្លាប់នៅក្នុងភ្នក់ភ្លើង កាលពីយប់ថ្ងៃទី៩ ឧសភា ២០២១កន្លងមកនោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ តុលាការខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមផ្តន្ទាទោស ជនសង្ស័យជាប្តី ដាក់ពន្ធនាគារអស់មួយជីវិត ។

ប្រភពពីអង្គភាពការពារកុមារ ហៅកាត់ (CPU) បានអោយដឹងថា នៅព្រឹកថ្ងៃពុធនេះ ក្រុមការងារស៊ើបអង្កេតបទល្មើស និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ នៃអង្គភាពការពារកុមារ បានចូលរួមនៅក្នុងបន្ទប់សវនាការ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីស្តាប់ការប្រកាសសាលក្រម លើសំណុំរឿងឃា.តកម្មសម្លាប់ប្រពន្ធ(មានផ្ទៃពោះ) និងកូនៗចំនួន ៤នាក់របស់ខ្លួន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដែលជាប់ចោទជាប្តី មានឈ្មោះ នន់ ចាន់សារ៉េត អាយុ៣៩ឆ្នាំ ។ ក្នុងសវនាការជំនុំជម្រះក្តី លោកចៅក្រម អ៊ី ថាវរៈ បានមានប្រសាសន៍ថា “បទល្មើសទាំងនេះ គឺពោរពេញដោយភាពឃោរឃៅ និងព្រៃផ្សៃ ហើយសមស្របជាមួយទម្ងន់ទោសដែលខ្ពស់បំផុត” ដូច្នេះជនល្មើសត្រូវបានតុលាការសម្រេចផ្តន្ទាទោស ជាប់ពន្ធនាគារអស់មួយជីវិត ។ ទោសមួយជីវិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានន័យថា ជាប់ពន្ធនាគារអស់មួយជីវិត ដោយគ្មានឱកាសទទួលការលើកលែងទោស ឬនៅក្រៅឃុំឡើយ ។

សំណុំរឿងនេះ ក៏មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើជនល្មើស ផងដែរ ដោយក្រុមការងារចម្រុះ នៃអង្គភាពការពារកុមារ សហការជាមួយក្រសួងមហាផ្ទៃកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្តបន្ទាប់អស់រយៈពេល៣ថ្ងៃ ដើម្បីប្រមូលភស្តុតាង ដែលមាននៅកន្លែងកើតហេតុ និងពិគ្រោះយោបល់ជាមួយអ្នកជំនាញឯកទេសផ្នែកកោសល្យវិច័យសាកសព និងផ្នែកអគ្គិភ័យ និងសារធាតុផ្ទុះ នៅប្រទេសអូស្ត្រាលី ។ លោក James McCabe នាយកប្រតិបត្តិ នៃអង្គភាពការពារកុមារ បាននិយាយថា “ចាប់តាំងពីយើងបានធ្វើកោសល្យវិច័យសាកសព និងពិនិត្យកន្លែងកើតហេតុ យើងបានយល់ឃើញថា មានចំណុចគួរអោយសង្ស័យជាច្រើន និងស្ថានភាពកន្លែងកើតហេតុ គឺមិនសមស្របនឹងចម្លើយរបស់ជនសង្ស័យទេ ដែលដំបូងឡើយ ប្តីរួចផុតពីភ្លើងឆេះផ្ទះ បានប្រាប់ថា មូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី” ។ លោកបានបន្ត “ការបាត់បង់ជីវិតរបស់កុមារជាច្រើននាក់បែបនេះ គឺជាទង្វើដ៏ឃោរឃៅមួយ និងសូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នា ដែលបានជួយក្នុងការស៊ើបអង្កេតមួយនេះ យើងអាចប្រម៉ូលភស្តុតាង ដាក់បន្ទុកទៅលើជនល្មើស ដោយមិនអាចប្រកែកបាន” ។

លោកបាននិយាយបន្ថែម “នេះគឺជាការបំពេញតួនាទីដ៏អស្ចារ្យមួយដោយមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដែលបានធ្វើអោយប្រាកដថា កុមាររងគ្រោះ និងម្តាយរបស់ពួកគេ បានទទួលនូវយុត្តិធម៌” ។ គួររម្លឹករឿងរ៉ាវខាងលើឡើងវិញថា «អគ្គិភ័យឆេះផ្ទះកាលយប់មិញ យកជីវិតមនុស្សអស់៦នាក់» មានករណីអគ្គិភ័យឆេះផ្ទះមួយ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់ រួមទាំងកូនតូចៗចំនួន៤នាក់ទៀត ដែលមាន អាយុ៩ឆ្នាំម្នាក់ និងកូនភ្លោះ ២នាក់ មានអាយុ៧ឆ្នាំ បានស្លា.ប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម ។ «ប្តីរួចផុតពីភ្លើងឆេះផ្ទះ មិនព្រមនិយាយអ្វីទាំងអស់ ករណីអគ្គិភ័យផ្តាច់ជីវិតមួយគ្រួសារ (កូនតូចៗ រួមទាំងម្ដាយនិងទារកក្នុងផ្ទៃ)» ដោយសារតែរួចខ្លួនតែប្ដីម្នាក់ឯង នៅពេលនោះ សមត្ថកិច្ចចម្រុះមកពីក្រសួងមហាផ្ទៃ រួមទាំងប៉ូលីសអន្តរជាតិ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បាននិងកំពុងបើកការស្រាវជ្រាវ ប៉ុន្តែប្តី មិនព្រមនិយាយអ្វីទាំងអស់ ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១១ ខែឧសភានេះថា ក្រោយការសាកសួរបុរសឈ្មោះ នួន សារ៉េត ដែលត្រូវជាប្ដី នៅមិនទាន់បានចម្លើយជាក់លាក់នៅឡើយទេ ទើបសមត្ថកិច្ចនគរបាលបាននាំបុរសរូបនោះ មកបន្តការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តទៀត ជុំវិញការស្លា.ប់របស់ជនរងគ្រោះ សរុបចំនួន៦នាក់ ។ លោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ក៏បានបន្ថែមដែរថា ពេលកើតហេតុ បុរសជាប្តី គឺមិននៅក្នុងបន្ទប់ទឹក ដាច់ដោយឡែកនៅខាងក្រោយផ្ទះនោះឡើយ គឺពិតជានៅក្នុងហេតុការណ៍ នៃអគ្គិភ័យនោះតែម្តង ។ ធ្វើឲ្យមានការសង្ស័យជាខ្លាំងលើបុរសជាប្តី ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ។ «មិនទាន់ស្ងប់ទេ! អង្គភាពចម្រុះ កំពុងស៊ើបអង្កេតករណីឆេះស្លា.ប់ស្ត្រីមានផ្ទៃពោះនិងកូនៗ សរុបដល់ទៅ៦នាក់» នៅព្រឹកថ្ងៃទី១០ ឧសភា ២០២១នេះ ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គិភ័យនៅខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចចម្រុះរួមមានអង្គភាពការពារកុមារ ហៅកាត់ (CPU) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស នៃក្រសួងមហាផ្ទៃ បានរួមគ្នាធ្វើការស៊ើបអង្កេតទៅលើករណីអគ្គិភ័យ ដែលបង្កអោយក្មេង៤នាក់ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ ។ តាមប្រភពព័ត៌មាន ដែលទទួលបានពីលោក ឈុំ សាំ ជំទប់ទីមួយឃុំខុនរ៉ង់ បានឲ្យដឹងថា គ្រួសាររងគ្រោះខាងលើមានប្រពន្ធឈ្មោះ សៀន សុខជា អាយុ ៣៨ឆ្នាំ (មានផ្ទៃពោះ) ចំណែកប្ដីមានឈ្មោះ នន់ ចាន់សារ៉េត អាយុ៣៩ឆ្នាំ កូនច្បងឈ្មោះ សេង រក្សា អាយុ៩ឆ្នាំ, កូនទី២ឈ្មោះ សេង ជីវន្ត័ អាយុ៧ឆ្នាំ, កូនទី៣ឈ្មោះ សេង ជីវ៉ា អាយុ៧ឆ្នាំ (ទី២និងទី៣ជាកូនភ្លោះ) និងកូនទី៤ ឈ្មោះ ឡុង ចំរើន អាយុ៣ឆ្នាំ (ប្រុសទាំង៤) ។ គ្រួសារនេះមានមុខរបរលក់ខោអាវជជុះ ចំណែកផ្ទះដែលភ្លើងឆាបឆេះមានទំហំ ៥គុណនឹង ៨ម៉ែត្រ ធ្វើអំពីដែក ប្រក់និងបាំងជញ្ជាំងស័ង្កសី ។

លោកជំទុបទី១ បានអោយដឹងថា លោកមិនបានដឹងពីមូលហេតុនោះទេ ប៉ុន្តែពេលអគ្គិភ័យកើតឡើងបានឆក់យកជីវិតស្ត្រីជាម្ដាយ និងកូន៤នាក់ ។ ក្នុងពេលកើតហេតុ បុរសជាឪពុក គេចរួចផុតពីសេចក្តីស្លា.ប់ និងបានសន្លប់ មិនអាចធ្វើអ្វីបានឡើយ ដោយសារតែស្លុតចិត្តខ្លាំងពេក ។ ដោយឡែកលោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ បានបញ្ជាក់ថា ពេលអគ្គិភ័យកើតឡើង មានរថយន្តរបស់អធិការរដ្ឋាននគរបាលស្រុកបានចេញប្រតិបត្តិការជួយពន្លត់ ប៉ុន្តែពេលទៅដល់ មនុស្សបានស្លា.ប់នៅក្នុងភ្លក់ភ្លើង៥នាក់ទៅហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព