បណ្តាញសង្គម

​រំលោភភ្លើងស្តុប! រថយន្ត​ធុនធំ ១គ្រឿង បើកទៅបុករថយន្តបែន ហើយរ៉េចង្កូត បុកបង្គោលភ្លើង និងបុកចូលផ្ទះថ្ម

រថយន្តធុនធំ ១គ្រឿង បានបើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន និងបានរ៉េចង្កូត បុកបង្គោលភ្លើង ព្រមទាំងបុកចូលផ្ទះថ្ម បណ្តាលឲ្យខូចខាត តែគ្មានអ្នកគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៤ និង៥០នាទី ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅផ្លូវបំបែកជាបួន ចំណុចភ្លើងស្តុប ក្នុងភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។អ្នកឃើញហេតុការណ៍ បានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មានរថយន្តធុនធំ ពាក់ស្លាកលេខ ភ្នំពេញ 3C-5506 បានបើកបរ ក្នុងទិសដៅ ពីកើត ទៅលិច ក្នុងល្បឿនលឿន ហើយរំលោភភ្លើងស្តុប ពណ៌ក្រហម បានបើកទៅបុករថយន្តបែន ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-8717 ដែលបើកបរពីត្បូង មកជើង ហើយរ៉េចង្កូត ទៅបុកបង្គោលភ្លើង និងបុកចូលផ្ទះថ្ម នៅជិតនោះ បណ្តាលឲ្យខូចខាត តែគ្មានអ្នករងគ្រោះថ្នាក់ទេ។

ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានពិនិត្យវាស់វែង ហើយប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសាររថយន្តធុនធំ ១គ្រឿង ម៉ាក់សឺមីរ៉ឺម៉កសណ្តោងកន្ទុយ បានបើករំលោភភ្លើងស្តុប ហើយទៅបុករថយន្តបែន ១គ្រឿងទៀត ដែលបើកឆ្លងផ្លូវ ទើបបណ្តាលឲ្យរ៉េចង្កូត ទៅបុកបង្គោលភ្លើង បាក់ ហើយរុលទៅបុកផ្ទះថ្ម បណ្តាលឲ្យខូចខាត។ តែសំណាង ដែលគ្មានអ្នករងគ្រោះ។ មន្ត្រីនគរបាលចរាចរណ៍ បានបន្តថា ក្រោយវាស់វែង រថយន្តទាំង ២គ្រឿង ត្រូវបានអូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយគ្នា តាមច្បាប់៕

ដកស្រង់ពី៖ កោះសន្តិភាព