បណ្តាញសង្គម

លទ្ធផល បើកបរ​ម៉ូតូ លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ពេល​ដួល​…

ទាហានម្នាក់ បើកបរម៉ូតូធំ CB លឿនដូចហោះ ហើយមិនពាក់មួកសុវត្ថិភាព ក៏ដួលនៅលើផ្លូវទើបអ៊ុតកៅស៊ូថ្មីៗ បណ្តាលឲ្យបែកក្បាល ស្លា.ប់នៅនឹងកន្លែង។ ម៉ូតូធំនោះ ពេលដួល ក៏ទៅខ្ទាតប៉ះម៉ូតូ ១គ្រឿងទៀត ម៉ាក Let’s បើកបរដោយនារីម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួល រងរបួសដែរ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥៨នាទី ល្ងាចថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវកំណាត់លេខ៣១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ សមត្ថកិច្ច បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដា CB ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-3550 បើកបរដោយឈ្មោះ តូច វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មន្ត្រីយោធា រស់នៅភូមិវាលយន្ដ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បើកបរពីលិចទៅកើតយ៉ាងលឿន អត់ពាក់មួកសុវត្ថិភាព។

បើកបរល្បឿនលឿនដូចគេហោះ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកទួលថ្នល់ ទើបតែអ៊ុតថ្មី បណ្តាលឲ្យដួលម៉ូតូ បោកទៅលើថ្នល់ អូសមនុស្សខ្ទាតចូលម៉ូតូមួយគ្រឿងទៀត ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DD-8592 បើកបរដោយ ឈ្មោះ ថន ស្រីលក្ខណ៍ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារអេស៊ីលីដា រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលធ្វើដំណើរ ពីកើតទៅលិច បញ្ច្រាសទិសគ្នា។ នារីរងគ្រោះ ពាក់មួកសុវត្ថិភាព ក៏ដួលម៉ូតូដែរ តែរងគ្រោះធ្ងន់គួរសម។ ប្រភពបន្តថា ក្រោយពីកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងសម្រួលចរាចរណ៍។ រីឯមធ្យោបាយទាំង ២ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង ដើម្បីដោះស្រាយគ្នា។ អ្នករបួស ត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយ ដឹកទៅសង្គ្រោះ និងព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចំពោះជនស.ព ត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ច បញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកបើកបរម៉ូតូធំ ម៉ាក ហុងដា CB ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព៕

ដកស្រង់ពី៖ កោះសន្តិភាព