បណ្តាញសង្គម

ប្តី​ឃ្លាំមើល​តាម GPS ទាន់​ប្រពន្ធ​ផិត​ជាមួយ​ប្រុស​សាហា​យ​ច្រើន​សារ​ក្នុង​ចម្ការ​ស្វាយ

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្សប្រុសស្រី ២នាក់ កាលពីម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅក្នុងដីចម្ការស្វាយ ស្ថិតនៅភូមិបត់តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល តាមពាក្យបណ្ដឹងរបស់បុរសជាប្តី ប្ដឹងអំពើការលួចផិតក្បត់មានសាហាយស្មន់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ ឡុញ វណ្ណៈ អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាអាជីវករ ។ រីឯ ប្រពន្ធដែលរងការចោទលួចមានសហាយស្មន់ ឈ្មោះ សួន ពៅ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរសម្អាងការ ។ ចំណែកបុរសដែលលួចទាក់ទងប្រពន្ធគេមានឈ្មោះ អ៊ុំ ពន្លក អាយុ៤០ឆ្នាំ មុខរបរជាកសិករ ។ បើតាមដំណើររឿងហេតុខាងលើ បុរសជាប្តីបានរៀបរាប់ថា រូបលោកជាបុរសពោះម៉ាយ មានកូន៣នាក់ បានស្រលាញ់គ្នាជាមួយស្ត្រីមេម៉ាយឈ្មោះ សួន ពៅ នាងមិនមានកូននោះទេ ។ បន្ទាប់មក យើងទាំង២ក៏បានយល់ព្រមយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការ ឬសែនប្រេងអ្វីឡើយ ប៉ុន្តែពួកយើងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ហើយរួមរស់ជាមួយគ្នា ទទួលបានកូនប្រុសម្នាក់ ជាចំណងដៃ ។

បុរសជាប្តី បានបន្តថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ ពួកយើងចាប់ផ្ដើមរស់នៅមិនចុះសម្រុងនឹងគ្នា ចេះតែរកាំរកូស ហើយនៅមួយរយៈចុងនេះ ក្រោយពីលោកបានទៅធ្វើការរកស៊ីបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយ ដែលគាត់សង្ស័យថា ទំនងជាលួចមានអ្នកថ្មី និងចេះតែបង្កទំនាស់នៅក្នុងគ្រួសារ ។ បុរសជាប្តី បន្តទៀតថា នៅមុនពេលកើតហេតុ លោកបានចាំឃ្លាំមើលស្ត្រីជាប្រពន្ធ ដោយបានដាក់ប្រព័ន្ធតាមដាន GPS តាមទូរសព្ទរបស់ប្រពន្ធគាត់ ក៏ឃើញលោតនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះ អ៊ុំ ពន្លក ស្ថិតនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើនលើក ច្រើនសារ ។

ឃើញដូច្នេះ លោកតាមដានទៅតាមប្រព័ន្ធ GPS ក៏បានឃើញប្រពន្ធ កំពុងអង្គុយផឹកស្រាបៀរជាមួយសហាយស្មន់ឈ្មោះ អ៊ុំ ពន្លក នៅក្នុងដីចម្ការស្វាយ ទើបជនរងគ្រោះ បានប្ដឹងមកសមត្ថកិច្ចក្រុងតាខ្មៅ ឲ្យចុះទៅឃាត់ខ្លួនអ្នកទាំង២តែម្ដង នៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៦ មករា ។ នៅប៉ុស្តិ៍នគរបាល ប្រពន្ធបានទទួលស្គាល់ថា រូបនាងបានលួចមានទំនាក់ទំនងជាមួយប្រុសសាហាយឈ្មោះ អ៊ុំ ពន្លក ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ពិតប្រាកដមែន ដែលស្គាល់គ្នានិងទាក់ទងតាមទូរសព្ទ ហើយនាងសារភាពថា ធ្លាប់រួមភេទជាមួយគ្នាជាច្រើនលើកច្រើនសារក្នុងផ្ទះនៅដីចម្ការរបស់ប្រុសសហាយនេះតែម្ដង ។ ប្រពន្ធ និងប្រុសសាហាយ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព