បណ្តាញសង្គម

មន្ត្រី​ជំនាញ បន្ត​ចាប់​បាន​បង្គាចាក់សារធាតុ​ CMC ជាង​១​តោនទៀត នាំ​ចូល​ពី​វៀតណាមតាម​ច្រកព្រំដែន​ខេត្តកំពត

នាយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ប្រចាំខេត្តកំពត បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តកូរ៉េមួយគ្រឿង ដឹកគ្រឿងសមុទ្រ ដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត លទ្ធផលគឺមន្ត្រីជំនាញរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាម ដែលមានសារធាតុ CMC (ចាហ៊ួយ) គីមីហាមឃាត់ ។

មន្ត្រីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យ ពីមន្ត្រីជំនាញផងដែរ ។ ជាមួយគ្នានេះ មន្ត្រីស៊ើបអង្កេតសាខា(ក.ប.ប.)ខេត្តកំពត បន្តការងារត្រួតពិនិត្យគ្រឿងសមុទ្រនាំចូលតាមទិសដៅក្នុងខេត្តកំពត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម ដែលសមត្ថកិច្ចយើងស្ទាក់ចាប់ និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក ។ តាមរយៈលទ្ធផល នៃការត្រួតពិនិត្យ មន្ត្រីជំនាញ ចាប់បានបង្គាស្រស់ ចំនួន២កេសបន្ថែមទៀត ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តកំពត បានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿង ស្ថិតនៅមាត់ច្រកព្រែកចាក នៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀត បន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩ ។ យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើ ត្រូវបានមន្ត្រីជំនាញរកឃើញថា បង្គាចំនួន ៦,២៦៨គីឡូក្រាម មានសារធាតុគីមីដោយចាក់បញ្ចូលគីមី ទៅក្នុងក្បាលបង្គា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ ។ បង្គាទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូត និងកម្ទេចចោលភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពត ៕

ដកស្រង់ពី៖ កោះសន្តិភាព