បណ្តាញសង្គម

នៅប៉ៃលិន មានអ្នកយកឥវ៉ាន់ ផ្ញើទៅ​ក្រុង​បាត់​ដំបង លុះខាងក្រុមហ៊ុនសង្ស័យ បើកមើល ស្រាប់​តែ​​មាន​រឿង​ស្មាន​មិន​ដល់!!!

កាលពីម៉ោង ៩ និង ២០នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានទូរស័ព្ទទៅខាងក្រុមហ៊ុន J&T Express ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីផ្ញើឥវ៉ាន់ទៅកាន់ខេត្តបាត់ដំបង។

លុះខាងក្រុមហ៊ុន ពិនិត្យមើលទំនិញនោះ ក៏មានសភាពមិនប្រក្រតី ហើយបុគ្គលិកក្រុមហ៊ុន បាននាំគ្នាបើកប្រអប់មើល ក៏ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃ មានកម្លាំងស្មើនឹងគ្រាប់បែកមីនតោន ១គ្រាប់ កំពុងឆេះ ចេញជាអណ្តាតភ្លើង ក៏នាំគ្នាយកទឹកជះពន្លត់រួចប្តឹងនគរបាល និងក្រុមកំចាត់មីន ឱ្យចុះពិនិត្យបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានទាក់ទងទៅកាន់ក្រុមហ៊ុន J&T Express តាមរយ:លេខលេខទូរស័ព្ទ ០១១ ២១៧ ០៤៩ ហើយក៏បានប្រាប់ឱ្យទៅយកឥវ៉ាន់នៅចំណុចតារាងបាល់មួយកន្លែង ស្ថិតនៅខាងកើតរូបសំណាកលោកយាយយ៉ាត ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លុះដល់វេលាម៉ោង ១១ និង ៥០នាទីយប់ បុគ្គលិកក្រុមហ៊ុនក៏បានទៅយកឥវ៉ាន់នោះ ពីជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើ ដោយរូបគេ បានប្រាប់ទៅខាងបុគ្គលិកក្រុមហ៊ុន មិនឱ្យបើកមើលឥវ៉ាន់នោះទេ។

ប្រភពបន្តទៀតថា ពេលយកមកដល់ទីតាំងក្រុមហ៊ុនផ្ញើឥវ៉ាន់ ដោយមិនទុកចិត្ត និងមានការឆ្ងល់សង្ស័យ ព្រោះវេចខ្ចប់មិនត្រឹមត្រូវ ក៏ឱ្យបុគ្គលិកបើកមើល ស្រាប់តែឃើញកញ្ចប់នោះ បង្កជាអណ្តាតភ្លើងឆេះចេញពីក្នុងប្រអប់មកខាងក្រៅ។ ពេលនោះ បុគ្គលិកនាំគ្នាយកទឹកជះពន្លត់ទាន់ ខណ:ឥវ៉ាន់នេះ មានគោលដៅផ្ញើទៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានអ្នកទទួល ប្រើលេខទូរស័ព្ទ ០៨៦ ២២៤ ៤៤០ និង០១២ ៤០៥ ៧១៦។ ទោះបីជាយ៉ាងណា ក្រោយមកខាងក្រុមការងារកំចាត់មីនស៊ីម៉ាក់ (CMAC) ក៏ចុះទៅពិនិត្យ ដោយប្រាប់ថា ជាគ្រាប់បែកកែច្នៃ លាយរំសេវខាងលើនេះ មានកម្លាំងផ្ទុះស្មើនឹងគ្រាប់មីនតោន ១គ្រាប់ឯណោះ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទថា ខាងលោក កំពុងជាប់រវល់ឡើងទៅប្រជុំនៅឯក្រសួង ខាងលោកអត់បានដឹងរឿងនេះទេ បើចង់ដឹងច្បាស់ សូមឱ្យទាក់ទងទៅសួរនាំអ្នកនាំពាក្យខាងស្នងការនគរបាលខេត្តប៉ៃលិន។ ក្រោយមកភ្នាក់ងារយើង បន្តទាក់ទងទៅលោក ឡាំ សំរិទ្ធ ជានគរបាលផ្នែកសេនាធិការនៃស្នងការនគរបាលខេត្តប៉ៃលិន ដោយលោក បានឆ្លើយបានឱ្យដឹងថា ខាងលោក កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ដោយពេលនេះ មិនអាចប្រាប់អ្នកសារព័ត៌មានបានទេ រហូតដល់ទទួលបានភស្តុតាងគ្រប់គ្រាន់ទើបអាចឱ្យយកព័ត៌មានបាន ហើយក៏បិទទូរស័ព្ទភ្លាមៗតែម្តង៕

ដកស្រង់ពី៖ កោះសន្តិភាព