បណ្តាញសង្គម

លេខ​ទូរ​សព្ទ ២​ខ្សែ របស់​ប៉ូលិស​ និង​ប៉េ​អ៊ឹម ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​ដឹង

អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់លេខទូរសព្ទ Hotline 117 ដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលមានបញ្ហាអ្វីកើតឡើងពិតប្រាកដ ពិសេសនៅពេលត្រូវការជំនួយពីនគរបាលជាតិ នៅទូទាំងប្រទេស២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ស្មោះត្រង់តាមវិជ្ជាជីវៈ ។

ខ្សែទូរសព្ទទាន់ហេតុការណ៍ «117» នេះ គឺជាមជ្ឈមណ្ឌលប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលរង់ចាំទទួល និងឆ្លើយតបបន្ទាន់ភ្លាមៗ នៅពេលទទួលបាននូវសេចក្ដីរាយការណ៍ សុំជំនួយពិតប្រាកដ ពីនគរបាលជាតិ ដូចជា គ្រោះអគ្គិភ័យ, បទល្មើសព្រហ្មទណ្ឌ, គ្រោះថ្នាក់ចរាចរណ៍, ឬភាពអសកម្មមួយចំនួនរបស់មន្ដ្រីនគរបាល នៅតាមមូលដ្ឋានជាដើម ។ ដោយឡែក ប្រសិនបើបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមបងប្អូនហៅទូរសព្ទមកកាន់លេខ «1291» ។ក្រៅពីទូរសព្ទមកលេខទាន់ហេតុការណ៍ «1291» ក៏អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, Line របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie ។ លេខទូរសព្ទរបស់សមត្ថកិច្ច ទាំង ២ខ្សែខាងលើមនេះហើយ ដែលប្រជាពលរដ្ឋចាំបាច់ត្រូវតែដឹង អាចកត់លេខ «117 ប៉ូលិស» និង«1291 ប៉េអ៊ឹម» រក្សាទុកក្នុងទូរសព្ទដៃរបស់បងប្អូន ប៉ុន្តែប្រសិនបើពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមបងប្អូនមេត្តាកុំហៅទូរសព្ទ មករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យសមត្ថកិច្ចទាំង២ លោកបម្រើពលរដ្ឋផ្សេងទៀត ដែលត្រូវការជំនួយបន្ទាន់ ពិតប្រាកដ ៕

ដកស្រង់ពី៖ កោះសន្តិភាព