បណ្តាញសង្គម

ម្ចាស់​ឆ្កែ​ផ្ទុះ​កំហឹង​បង្ក​ហិ.ង្សា ក្រោយ​កូន​ឆ្កែ​លោត​ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ខ្លួន ចូល​ក្រោម​រថយន្ត​កិន​ងាប់

យុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល ដាក់នៅខាងក្រោយ ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿង បានមកដល់ ក៏បានកិនងាប់តែម្ដង បង្កឲ្យយុវជនជាម្ចាស់ឆ្កែ ផ្ទុះកំហឹង បង្កជាហិង្សា ទាញដំបងទីប កាំបិតផ្គាក់ ដេញកាប់ម្ចាស់រថយន្ត និងយកដុំឥដ្ឋ ថែមទាំងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើយោងតាមសាក្សីពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនចំនួន ២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានបើកម៉ូតូរ៉ឺម៉កមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល នៅពីខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិច ទៅកើត ស្របគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2B-4012 ធ្វើដំណើរពីក្រោយ ខណៈពេលមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ចៃដន្យមកចូលក្រោមកង់រថយន្ត បណ្ដាលអោយកិនងាប់ភ្លាមៗតែម្ដង ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់បន្តទៀតថា ក្រោយពីកិនកូនឆ្កែងាប់ ម្ចាស់ឆ្កែបានផ្ទុះកំហឹងយ៉ាងខ្លាំង បានឈប់ម៉ូតូរ៉ឺម៉ក រួចហើយគំរាមវាយម្ចាស់រថយន្ត និងយកដុំឥដ្ឋ គប់កម្ទេចស្តុបស្ដាំរថយន្តផ្នែកខាងមុខ ហើយដកសោរថយន្ត ឡើងជិះម៉ូតូរ៉ឺម៉កទៅបាត់មួយសន្ទុះ ក្រោយមកបានត្រឡប់មកវិញ កាន់យកកាំបិតផ្គាក់ និងដំបងទីប ដេញកាប់ម្ចាស់រថយន្ត ។ ពេលនោះមានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នា ជួយម្ចាស់រថយន្ត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ផងដែរ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង មានកាំបិត ដែកជ្រុង ដែកឆាប ដុំឥដ្ឋ នាំមកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរ ។ តាមព័ត៌មានចុងក្រោយអោយដងថា ជនដៃដល់ជាម្ចាស់ឆ្កែ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

 

 

 

ដកស្រង់ពី៖ កោះសន្តិភាព