បណ្តាញសង្គម

កោសខ្យល់ពីក្បាលព្រលប់ ដល់យប់កណ្តាល​អាធ្រាត្រ គាំងបេះដូង

បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ បន្ទាប់ពីមិនស្រួលខ្លួន ពឹងឲ្យអ្នករួមការងារជួយកោសខ្យល់ ពីក្បាលព្រលប់ ដល់យប់ឡើងកណ្តាលអាធ្រាត្រ ដើរទៅមើល ស្រាប់តែប្រទះឃើញដេកស្លា.ប់បាត់ កាលពីវេលាម៉ោង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅកន្លែងយាមរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រហូតដល់ព្រឹកឡើង ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ធ្វើកំណត់ហេតុ។

សពមានឈ្មោះ អឿន សំអង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ ជាកងសន្តិសុខ P-L ទើបចូលធ្វើការបាន ១៥ថ្ងៃ ស្នាក់នៅជាមួយបងប្រុស ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅឯទឹកដីខ្មែរកម្ពុជាក្រោម ដោយមានប្រពន្ធ និងកូន រស់នៅឯស្រុកកំណើត។ បុរសឈ្មោះ ឈឹម បូផាន់ អាយុ ២៣ឆ្នាំ ជាសន្តិសុខរួមការងារ ស្នាក់នៅភូមិអូរដឹម សង្កាត់ចោមចៅ៣ បានឲ្យដឹងថា កាលពីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះ កើតមានអាការៈមិនស្រួលខ្លួន បានពឹងឲ្យជួយកោសខ្យល់ លុះកោសខ្យល់ឲ្យគាត់ហើយ ក៏ទៅយាមបាត់ទៅ ជនរងគ្រោះ នៅដេកកន្លែងរោង មុខច្រកចូលរោងចក្រ រហូតដល់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ យុវជននោះ ឆ្លៀតដើរទៅមើល ក្នុងបំណងសួរពីសុខភាព តែបែរជាប្រទះឃើញជនរងគ្រោះ ដេកស្លា.ប់បាត់ទៅហើយ។ ក្រោយពីដឹងថា ជនរងគ្រោះ ស្លា.ប់បាត់ហើយ យុវជននោះ បានប្រាប់ទៅអ្នករួមការងារ និងបងប្អូនជនរងគ្រោះ លុះរហូតដល់ព្រឹកឡើងថ្ងៃដដែល ទើបរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង។ ក្រុមគ្រួសារ និងបងប្អូនជនរងគ្រោះ មិនបានប្តឹងផ្តល់អ្វីឡើយ ហើយស្នើសុំឲ្យសមត្ថកិច្ច ធ្វើឯកសារ ដើម្បីដឹកសព យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តគោកបញ្ជាន់៕

ដកស្រង់ពី៖ កោះសន្តិភាព