បណ្តាញសង្គម

​យុវជន ៣នាក់ ចង់ពាក់អាវ Downhill តាំងមុខហាង បែរជាលេងផ្លូវកាត់!

ជនសង្ស័យជាសិស្សសាលា ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ សាកសួរ បន្ទាប់ពីជនសង្ស័យទាំងនោះ បានលួចយកអាវ ដែលតាំងលក់ នៅមុខហាង យីហោ ម៉ាកតារា ស្ថិតនៅជិតរង្វង់មូលផ្សារដើមថ្កូវ តាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៥ និង ៤០នាទីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-មានឈ្មោះ ហង្ស ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាអ្នកលួចអាវផ្ទាល់ ទី២-មានឈ្មោះ អៀង ជាយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស ថ្នាក់ទី១១E នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដែលជាអ្នកបើកបរម៉ូតូ និងទី៣-មានឈ្មោះ តន់ ភារម្យ ភេទប្រុស អាយុ ១៦ឆ្នាំ ជាសិស្ស ថ្នាក់ទី១១E2 នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាអ្នកអង្គុយកណ្តាល។ សមត្ថកិច្ច បានដកហូតអាវកីឡាករ ចំនួន ៣អាវ ជារបស់ជនរងគ្រោះ និងម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IL-1340 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ដោយឡែក ជនរងគ្រោះ ជាម្ចាស់ហាង សុំមិនបញ្ចេញឈ្មោះ។ ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានអោយដឹងថា មុនពេលកើតហេតុ គាត់ឃើញជនសង្ស័យ ៣នាក់ខាងលើ បានជិះម៉ូតូម៉ាក ហុងដា ស្កុបពីពណ៌ស មួយគ្រឿង មកឈប់នៅមុខហាងលក់ខោអាវ នៅកន្លែងកើតហេតុ រួចហើយជនសង្ស័យ ដែលអង្គុយក្រោយ ក៏បានលួចយកអាវកីឡា ចំនួន ៣អាវ ដែលជារបស់ជនរងគ្រោះ ដាក់តាំងលក់នៅមុខហាង រួចហើយបានជិះម៉ូតូរត់គេច។ គាប់ជួនពេលនោះដែរ ពួកគាត់ ដែលឃើញហេតុការណ៍ បានជិះម៉ូតូដេញតាម ស្រាប់តែជនសង្ស័យទាំង ៣នាក់ បានជិះម៉ូតូដល់ចំនុចផ្លូវ២១៧ កែង៤៨០ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ក៏ជ្រុលទៅបុកនឹងម៉ូតូប្រជាពលរដ្ឋ បណ្ដាលឲ្យដួលម៉ូតូ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយឃាត់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុនទី១ ធ្វើការសាកសួរ។ តែនៅពេលដែលសាកសួរថា ករណីនេះ មិនមែនកើតឡើង នៅសង្កាត់បឹងទំពុនទី១ ទើបសមត្ថកិច្ច ប្រគល់ជនសង្ស័យទាំង ៣នាក់ អោយទៅម្ចាស់ករណី ជាអ្នកសួរនាំបន្ត គឺប៉ូលិសប៉ុស្តិ៍សង្កាត់ផ្សារដើមថ្កូវ។

នៅពេលសមត្ថកិច្ចសាកសួរ ជនសង្ស័យទាំងនោះ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចអាវរបស់គេតាំងលក់នៅមុខហាងពិតប្រាកដមែន។ ក្រោយពេលសាកសួររួចហើយ ជនសង្ស័យជាម្ចាស់របស់ មិនបានដាក់ពាក្យបណ្ដឹង ប្តឹងជនសង្ស័យនោះទេ គឺគ្រាន់តែអោយសមត្ថកិច្ច ធ្វើការអប់រំណែនាំទៅបានហើយ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុ រួចប្រគល់អោយសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖ កោះសន្តិភាព