បណ្តាញសង្គម

ម្ចាស់​ឆ្កែ​សារភាព​ថា ពេល​នោះ​ខ្លួន​ខឹង​ខ្លាំង​ទប់​កំហឹង​មិន​បាន ទើប​កើតជា​ហិ.ង្សា រឿង​កិន​កូន​ឆ្កែ​ងាប់

រឿងកូនឆ្កែ១ក្បាល លោតចេញពីរ៉ឺម៉កម៉ូតូ រត់ចូលក្រោមរថយន្តកិនងាប់ ធ្វើអោយម្ចាស់ឆ្កែផ្ទុះកំហឹងបង្កហិ.ង ទាញផ្គាក់ដេញកាប់អ្នកបើកបររថយន្ត និងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាតនោះ នៅពេលនេះ ម្ចាស់ឆ្កែ បានសារភាព ពេលនោះខ្លួនខឹងពេក ទប់កំហឹងមិនបាន ទើបកើតជារឿងហិង្សាបែបនេះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពពីប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានអោយដឹងថា ករណីខាងលើនេះ តាមបណ្តឹងរបស់ភាគីរងគ្រោះ សមត្ថកិច្ច ស្រេចឃាត់ខ្លួនជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ជនបង្កឈ្មោះ ផល សុផា ហៅឈិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរវៀង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកឯ ជនរងគ្រោះឈ្មោះ ង៉ុយ វិធូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងមានស្រុកកំណើត ភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។

រថយន្តរងខូចខាត ម៉ាកតាកុម៉ា ពណ៌ស ពាក់ស្លាកលេខលេខ កណ្តាល 2B-4012 បែកស្តុប មុខក្រោយ និងរយះ ទ្វារក្រោយ ។ បើតាមលោកង៉ុយ វិធូ ជាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់និងក្រុមគ្រួសារ បើករថយន្តដឹកកូនត្រីអណ្តែង ពីផ្ទះទៅចិញ្ចឹមនៅស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយបើករថយន្ត កាត់តាមផ្លូវ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ស្រាប់តែមានកូនឆ្កែមួយក្បាល លោតចុះពីលើរ៉ឺម៉កម៉ូតូ ហើយរត់បោលចូលមកក្រោមរថយន្តរបស់លោក ដោយជាប់ហ្វ្រាំងក៏មិនទាន់ ទើបបណ្តាលឲ្យកិនងាប់ភ្លាមៗ ស្រាប់តែ ជនដៃដល់ ជាម្ចាស់ឆ្កែ ហើយជាអ្នកបើករ៉ឺម៉កម៉ូតូ បានឃាត់រថយន្តឲ្យឈប់ និងទាញបានកាំបិតផ្គាក់នៅលើរ៉ឺម៉ក មកកាប់វាយ រថយន្ត បណ្តាលឲ្យខូចខាត ហើយដេញកាប់រូបលោក ថែមទៀតផង ។ ពេលនោះ លោកមានការភិតភ័យពេក ក៏រត់ចូលផ្ទះប្រជាពលរដ្ឋ ស្របពេលនោះ ត្រូវបានកម្លាំងនគរបាលល្បាត ប្រទះឃើញ ក៏ចុះមកជួយអន្តរាគមន៍ ឃាត់បានជនសង្ស័យចំនួន ២នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ។ ក្រោយមក ជនសង្ស័យម្នាក់ទៀត ពុំមានពាក់ព័ន្ធ សមត្ថកិច្ចអនុញាតឲ្យវិលត្រឡប់ទៅវិញ នៅតែជនបង្កម្នាក់ជាម្ចាស់ឆ្កែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ដោយឡែក បើតាមចម្លើយសារភាព របស់ជនដៃដល់ជាម្ចាស់ឆ្កែ បានប្រាប់ថា មុនកើតហេតុ ខណៈដែលដឹកកូនឆ្កែមួយក្បាល តាមរ៉ឺម៉កម៉ូតូ ខ្លួនបានចងវានឹងខ្សែទៀត បំណងដឹកយកទៅផ្ទះ ។ ខណៈពេលដែលធ្វើដំណើរតាមផ្លូវដល់ចំណុចកើតហេតុនោះ សត្វឆ្កែរបូតពីខ្សែចំណង រួច លោតចុះពីលើរ៉ឺម៉ក រត់ចូលរថយន្តកិនងាប់ ។ ពេលនោះហើយ ខ្លួនផ្ទុះកំហឹងយ៉ាងខ្លាំង ទប់មិនបាន ក៏កើតជាអំពើហិង្សា បែបនេះតែម្តងទៅ ។

សូមរម្លឹកថា «ម្ចាស់ឆ្កែផ្ទុះកំហឹងបង្កហិ.ង្សា ក្រោយកូនឆ្កែលោតចេញពីរ៉ឺម៉កម៉ូតូរបស់ខ្លួន ចូលក្រោមរថយន្តកិនងាប់» យុវជន២នាក់ បានបើករ៉ឺម៉កម៉ូតូមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល ដាក់នៅខាងក្រោយ ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿង បានមកដល់ ក៏បានកិនងាប់តែម្ដង បង្កឲ្យយុវជនជាម្ចាស់ឆ្កែ ផ្ទុះកំហឹង បង្កជាហិង្សា ទាញដំបងទីប កាំបិតផ្គាក់ ដេញកាប់ម្ចាស់រថយន្ត និងយកដុំឥដ្ឋ ថែមទាំងវាយកម្ទេចស្តុបរថយន្តបណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ ។ បើយោងតាមសាក្សីពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនចំនួន ២នាក់ បានបើកម៉ូតូរ៉ឺម៉កមួយគ្រឿង ដឹកកូនឆ្កែមួយក្បាល នៅពីខាងក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងខាងលើ ក្នុងទិសដៅពីលិច ទៅកើត ស្របគ្នាជាមួយរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2B-4012 ធ្វើដំណើរពីក្រោយ ខណៈពេលមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែកូនឆ្កែនោះ បានលោតចេញពីលើរ៉ឺម៉កម៉ូតូ ចៃដន្យរត់មកចូលក្រោមកង់រថយន្ត បណ្ដាលអោយកិនងាប់ភ្លាមៗតែម្ដង ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់បន្តទៀតថា ក្រោយពីកិនកូនឆ្កែងាប់ ម្ចាស់ឆ្កែបានផ្ទុះកំហឹងយ៉ាងខ្លាំង បានឈប់ម៉ូតូរ៉ឺម៉ក រួចហើយគំរាមវាយម្ចាស់រថយន្ត និងយកដុំឥដ្ឋ គប់កម្ទេចស្តុបស្ដាំរថយន្តផ្នែកខាងមុខ ហើយដកសោរថយន្ត ឡើងជិះម៉ូតូរ៉ឺម៉កទៅបាត់មួយសន្ទុះ ក្រោយមកបានត្រឡប់មកវិញ កាន់យកកាំបិតផ្គាក់ និងដំបងទីប ដេញកាប់ម្ចាស់រថយន្ត ។ ពេលនោះមានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នា ជួយម្ចាស់រថយន្ត ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ផងដែរ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង មានកាំបិត ដែកជ្រុង ដែកឆាប ដុំឥដ្ឋ នាំមកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសាកសួរ ។ តាមព័ត៌មានចុងក្រោយអោយដឹងថា ជនដៃដល់ជាម្ចាស់ឆ្កែ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព