បណ្តាញសង្គម

យុវជន ៣​នាក់ ឆក់​ទូ​រស​ព្ឌ តែ​ពេល​ប៉ូលិស​ចាប់​បញ្ជូនទៅ​តុលាការ បានតែ ២​នាក់

ជនសង្ស័យមុខសញ្ញាធ្វើសកម្មភាពឆក់ទូរសព្ទ តាមផ្លូវសាធារណៈ ចំនួន ២នាក់ ក្នុងចំណោមបក្សពួកគេ ៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្រាវជ្រាវ និងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានម្នាក់ ឈ្មោះ នៅ សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មុខរបររត់ម៉ូតូឌុប។ ចំណែកម្នាក់ទៀត ឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវ។ លោកនាយការិយាល័យ បានបញ្ជាក់ថា នៅវេលាម៉ោង ១ និង ៣០នាទីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យ ចំនួន ០៣នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់យកទូរសព្ទដៃម៉ាកវីវ៉ូ Y11 ដែលដាក់នៅហោប៉ៅខោខាងក្រោយ របស់ស្ត្រីរងគ្រោះ ឈ្មោះ ថុន ស៊ីម៉ែន អាយុ ២០ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈពេលកំពុងជិះម៉ូតូជាមួយមិត្តភក្ត្រ នៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានបើកម៉ូតូគេចខ្លួនបាត់។ លោកនាយការិយាល័យ បានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ និងមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសលាដំបូងខេត្តបន្ទាយមានជ័យ។ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានរូបភាពពីកាម៉ារ៉ាសុវត្ថិភាពផងនោះ យើងកំណត់បានមុខសញ្ញា ឈានដល់ឃាត់ខ្លួន បាន ០២នាក់ នៅថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ និងដកហូតម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ០១គ្រឿង ទូរសព្ទដៃ ០១គ្រឿង រួចនាំខ្លួនមកសួរនាំ នៅការិយាល័យ។ ឯម្នាក់ទៀតគេចខ្លួន។ លោកនាយការិយាល័យ វរសេនីយ៍ទោព្រហ្ម ប៊ុនធឿន បានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចពួកគេ បានសារភាពថា ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកគេមានគ្នីគ្នា ០៣នាក់ ពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទរបស់នារីរងគ្រោះនោះ ពិតប្រាកដមែន ហើយយកទៅលក់បានតម្លៃ ១២ម៉ឺនរៀល។ ដោយផ្អែកតាមចម្លើយសារភាព និងបណ្តឹងរបស់នារីរងគ្រោះ ជនសង្ស័យទាំង ០២នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។ ចំណែកឯទូរសព្ទប្រគល់ជូនម្ចាស់វិញផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព