បណ្តាញសង្គម

សុំ​បទញាក់​មិន​បាន ឡើង​វាយ​ក្រុម​តន្ត្រីករ​ដល់​លើ​ឆាក ផ្អើល​រោងការ ប៉ូលិស​ខេត្តកំពង់ស្ពឺ​ ក្របួច​បាន​៣​នាក់(​វី​ដេ​អូ​)

ដោយសារតែភាពភ្លើតភ្លើន ជាមួយនឹងចង្វាក់ភ្លេងបទញាក់ ដែលខ្លួនស្រលាញ់ ធ្វើឲ្យយុវជន ០៣នាក់ អាចនឹងក្លាយទៅជាអ្នកទោស ត្រូវខូចអនាគតដោយសារតែការប្រើអំពើហិង្សា ឡើងទៅដល់លើឆាក វាយក្រុមតន្ដ្រីករ «បទុមសូរិយា តន្ត្រីសម័យនិងបូរាណ» ផ្អើលអស់អ្នកចូលរួមមង្គលការ រត់ចែកជើងគ្នា ។

ករណីហិង្សានេះ បានកើតឡើងកាលពីយប់ថៃ្ងទី៣០ ខែមករា ឆ្នាំ២០២២ បង្កឡើងដោយក្រុមក្មេងទំនើងមួយក្រុម ក្នុងពិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «បទុមសូរិយា តន្ត្រីសម័យនឹងបូរាណ» បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។ ក្រោយពីទទួលបានដំណឹងនេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាទៅកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ អោយស្រាវជ្រាវស្វែងរកក្រុមជនបង្ក រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា ទើបកម្លាំងជំនាញ ចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៣នាក់ រួមមាន ៖

ទី១- ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ទី២- ឈ្មោះ ប៉ិច ម៉ាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ទី៣- ឈ្មោះ ហួត គឹមស្រេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បើតាមលោកអធិការនគរបាលស្រុកឧដុង្គ បានអោយដឹងថា មូលហេតុឈានដល់ការបង្កហិង្សាខាងលើនេះ ពីដំបូងឡើយ យុវជនម្នាក់ឈ្មោះ ហួត គឹមស្រេង ជាភ្ញៀវខាងកូនកំលោះ បានមកចូលរួមក្នុងពិធីមង្គលការជាមួយមិត្តភក្តិដទៃទៀត ហើយបានឡើងទៅលើឆាកប្រគុំតន្ត្រី ក្នុងបំណង ស្នើសុំអោយអ្នកលេងភ្លេង ជួយលេងបទចម្រៀងអោយខ្លួនដែលស្រលាញ់ និងបានប្រើកាយវិការ(ដៃ) ជ្រុលលើសលួសលើ នារីអ្នកចម្រៀងម្នាក់ ពេលនោះ អ្នកលេងឧបករណ៍ភ្លេងសម័យ (អ៊កកាដង់) ក៏បានកៀសដៃយុវជននោះចេញ កាយវិការនេះហើយ បណ្ដាលឲ្យឈ្មោះ ប៊ូ សុខគា ដែលជាមិត្ដភក្តិ ដែលអង្គុយខាងក្រោម មើលឃើញច្រឡំស្មានតែអ្នកភ្លេងវ៉ៃពួកម៉ាកខ្លួន ក៏ស្ទុះឡើងទៅលើកឆាក ទាញឧបករណ៍ភ្លេងវ៉ៃទៅលើអ្នកភ្លេង រត់ពេញឆាក ផ្អើលរោងការ គ្មានអ្នកណាអាចឃាត់ក្រុមទំនើងទាំងនោះបានឡើយ បណ្ដាលឲ្យក្រុមតន្ត្រីច្រើននាក់រងរបួស ក្នុងនោះមានម្នាក់ឈ្មោះ ម៉េង គង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលេង(អ៊កកាដង់) រងរបួសធ្ងន់ ត្រូវ ចំក្បាល ចំមុខ ចំច្រមុះ ត្រូវខ្លួន ដៃ និងជើង ជាច្រើនកន្លែង ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានឲ្យដឹងទៀតថា ក្រុមបង្កហិង្សា ក្រោយបង្កភាពចលាចលពេញពិធីមង្គល រួចបាននាំគ្នាគេចខ្លួនបាត់ ដោយមានកិច្ចសហការល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនបានយុវជនទំនើង ៣នាក់ និងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ បំពេញនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ដទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ៕

ដកស្រង់ពី៖ កោះសន្តិភាព